ក្រសួង​ឧស្សាហកម្ម ជំរុញ​ឲ្យ​កម្ពុជា​យក​គំរូ​តាម​សិង្ហបុរី ដោយ​បណ្ដុះ​គំនិត មិន​ចម្លង​គេ

  • 2018-03-22 03:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ជំរុញ​ឲ្យ​កម្ពុជា​យក​គំរូ​តាម​ប្រទេស​សិង្ហបុរី ដែល​បាន​បណ្ដុះ​គំនិត​ប្រជាពលរដ្ឋ​ខ្លួន​តាំង​ពី​ក្មេងៗ ពេល​ពួកគេ​នៅ​សាលា​រៀន ឲ្យ​មាន​គំនិត មិន​ទទួល​ស្គាល់​អ្នក​លួច​កម្មសិទ្ធិ​បញ្ញា និង​មិន​ទិញ​របស់​ក្លែងក្លាយ​ដែល​លួច​កម្មសិទ្ធិ​បញ្ញា​របស់​គេ​ឡើយ​។

សិក្ខា​សាលា ស្ដីពី​ការ​ចុះ​បញ្ជី​ប្រកាស​នីយបត្រតក្កកម្ម​សិង្ហបុរី
ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខា​សាលា ស្ដីពី​ការ​ចុះ​បញ្ជី​ប្រកាស​នីយបត្រតក្កកម្ម​សិង្ហបុរី នៅ​ដើម​សប្ដាហ៍​នេះ នា​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន​អង្គភាព​កម្មសិទ្ធិ​បញ្ញា​សិង្ហបុរី (IPOS) លោក Daren Tang ។

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម យល់ឃើញ​ថា ប្រព័ន្ធ​នៃ​ការ​ចុះបញ្ជី​ការពារ​កម្មសិទ្ធិ​បញ្ញា ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដ៏​សំខាន់ និង​ផ្តល់​​ទំនុក​ចិត្ត​ ​សម្រាប់​អ្នក​វិនិយោគ ជាពិសេស​សហគ្រិន​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម អ្នក​សិក្សា​ស្រាវជ្រាវ និង​តក្កករ ដែល​បាន​ប្រើប្រាស់​បញ្ញា និង​ទេព​កោសល្យ​ផ្ទាល់ខ្លួន ​ច្នៃ​ប្រឌិត​បង្កើត​ផលិតផល​ថ្មីៗ ក្នុង​ការ​ប្រកួត​ប្រជែង​ផលិតផល​លើ​ទីផ្សារ​ក្នុង​ប្រទេស តំបន់ និង​អន្តរជាតិ​។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់​ថា ក្រសួង​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​អន្តរជាតិ​ជា​ច្រើន រួមមាន ប្រទេស​សឹង្ហបុរី ជប៉ុន និង​សហគមន៍​អឺរ៉ុប ព្រមទាំង​កំពុង​ដំណើរការ​សហប្រតិបត្តិការ​ជាមួយ ចិន និង​កូរ៉េ ក្នុង​គោលបំណង ជំរុញ​កិច្ច​ការពារ​កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជា​ឲ្យ​ដំណើរការ​ទៅ​បាន​រលូន ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​ខ្វះខាត​អ្នក​ជំនាញ ក្នុង​ការ​ត្រួត ពិនិត្យ​និង​វាយតម្លៃ​ការ​ផ្តល់​ប្រកាស​នីយបត្រតក្កកម្ម​។

ជា​លទ្ធផល​ ​កិច្ច​សហប្រតិបត្តិការ​នេះ បាន​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ទទួល​បាន ពាក្យ​ស្នើសុំ​ការពារ​ប្រកាស​នីយបត្រតក្កកម្ម​ច្រើន បង្កើន​ប្រាក់​ចំណូល និង​អាច​ទទួល​បាន​ការ វិនិយោគ​បច្ចេកវិទ្យា​ថ្មីៗ​ច្រើន​ទៀត​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;