កសិករ បង្ខំ​ចិត្ត​ប្រមូល​ផល​ផ្លែ​ស្វាយ​យក​ទៅ​លក់​ក្នុង​តម្លៃ​ថោក ​ដោយសារ​បំណុល

  • 2018-03-22 03:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កសិករ​នៅ​​ខេត្ត​ប៉ៃលិន​​បាន​អះអាង​​ថា​ ប្រសិន​​បើ​មិន​ប្រញាប់​​បេះ​ផ្លែ​ស្វាយ​ទៅ​​លក់​​ឲ្យ​ទាន់​ពេល​ទេ គឺ​​អាច​នឹង​គ្មាន​ប្រាក់​សង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នោះទេ​។ មូលហេតុ​​ដែល​​ពួក​គាត់​​បង្ខំ​ចិត្ត​​ប្រមូល​​ផល​​ស្វាយ ព្រោះ​​ផ្លែ​​ស្វាយ​​ចាប់​ផ្ដើម​​ទុំ​​នៅ​​លើ​​ដើម​​បណ្ដើរៗ ​ហើយ​ គឺ​​មិន​​អាច​​ទុក​​បន្ត​​ទៅ​​មុខ​​ទៀត​​បាន​​ឡើយ។

ចំការស្វាយ​របស់​កសិករ​នៅ​ភូមិ​សួន​អំពៅកើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ រូបថត​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៨
កសិករ​ម្នាក់​រស់​នៅ​ភូមិ​អំពៅ​ខាង​កើត​សង្កាត់​ប៉ៃលិន ឲ្យ​​ដឹង​កាលពី​​ថ្ងៃ​​ទី​​២១​ មីនា​​ថា មុន​​នឹង​​លោក​ប្រមូល​​ផល​​ស្វាយ​ គឺ​​លោក​​បាន​​ពន្យារ​​ពេល​​បេះ​​​ផ្លែ​ស្វាយ​​ប្រមាណ​ ១០​​ថ្ងៃ​​ហើយ​​ ដើម្បី​​​ឲ្យ​តម្លៃ​ស្វាយ​ឡើង​ថ្លៃ​បន្តិច​ ប៉ុន្តែ​តម្លៃ​នៅ​ទ្រឹង​នៅ​ចន្លោះ​ពី​ ៣០០ ​ទៅ ​៤០០​​រៀល​​ក្នុង​​មួយ​​គីឡូក្រាម​​ដដែល។ 

កសិករ​រូប​នេះ​អះអាង​ទៀត​ថា លោក​ដាំ​ស្វាយ​កែវ​រមៀត​ទាំង​អស់​ជិត​​១០​ហិកតា​ ហើយ​ទិន្នផល​​ស្វាយ​ឆ្នាំ​នេះ​ អាច​​បាន​​​ប្រហែល ​៦០​​តោន​។​ ដូច្នេះ​​បើ​​តម្លៃ​​ផ្លែ​​ស្វាយ​​ដូច​បច្ចុប្បន្ន​ គឺ​​លក់​​បាន​​ប្រាក់​​ចំនួន ​​៦​ពាន់​​ដុល្លារ​​អាមេរិក​​ប៉ុណ្ណោះ។ លោក​​បន្ថែម​​ទៀត​​ថា​ ទិន្នផល​ដែល​ទទួល​បាន​នេះ ​គឺ​​​គ្រួសារ​​លោក​​ច្បាស់​​ជា​​ជំពាក់​​គេ​​វ័ណ្ឌក​​ហើយ​ ព្រោះ​​លោក​​​​ចំណាយ​​អស់​​ដើម​​ទុក​​ក្នុង​​ការ​​ថែទាំ​​ប្រមាណ​ ៨​ពាន់​ដុល្លារ​​អាមេរិក​​​ក្នុង​​មួយ​​ឆ្នាំ​​ឯណោះ​។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្ត​ប៉ៃលិន លោក សាយ សុផាត មាន​ប្រសាសន៍​​ថា ​តម្លៃ​ផ្លែ​ស្វាយ​ចុះថោក​ដោយសារ​រដូវ​នេះ​ជា​រដូវ​ដែល​កសិករ​ប្រមូល​ផល​ស្វាយ​ច្រើន​ធ្វើ​ឲ្យ​ទិន្នផល​ស្វាយ​មាន​ចំនួន​ច្រើន​ជាង​តម្រូវ​ការ​។ លោក​បន្ថែម​ទៀត​ថា កន្លង​មក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្ត​ប៉ៃលិន​បាន​ព្យាយាម​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ​ ដើម្បី​ឲ្យ​មក​ជួយ​ទិញ​ស្វាយ​​ពី​កសិករ​រួច​មក​ហើយ​​ដែរ ប៉ុន្តែ​ដំណើរការ​នៅ​មិន​ទាន់​បាន​ប្រសើរ​ទាំង​ស្រុង​នៅ​ឡើយ។

រីឯ​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក ថេង សាវឿន កត់សម្គាល់​ថា ​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ម្ដងៗ​ គឺ​ដំណាំ​កសិផល​​របស់​ប្រជាកសិករ​គ្រប់​ប្រភេទ តែង​តែ​ជួប​បញ្ហា​រឿង​​តម្លៃ​ចុះថោក​ជា​រៀងរាល់​ឆ្នាំ។ លោក​អះអាង​ទៀត​ថា​ មូលហេតុ​ដែល​​តម្លៃ​កសិផល​ចុះថោក​មិន​ឈប់​ឈរ​នេះ​​ គឺ​ដោយសារ​ប្រព័ន្ធ​​រៀប​ចំ​ដំណោះ​ស្រាយ​នៅ​​ថ្នាក់​ជាតិ​មិន​ទាន់​បាន​ដំណើរ​​ល្អ​ប្រសើរ សម្រាប់​ជួយ​ដល់​កសិករ។

សូម​បញ្ជាក់​ថា តម្លៃ​ផ្លែ​ស្វាយ​បាន​ចុះ​ថោក​ខ្លាំង​ចាប់​ពី​ចុង​ខែ​កុម្ភៈ​មក។ កសិករ​បាន​អះអាង​ថា​តម្លៃ​ដែល​ពួកគាត់​លក់​​ផ្លែ​ស្វាយ​​បាន​ប្រាក់​ចំណេញ​ គឺ​ចាប់​ពី​ ៨០០​​រៀល​​ក្នុង​​មួយ​​គីឡូ​ក្រាម​​ឡើង​​ទៅ។ បើ​តាម​ការ​បញ្ជាក់​ពី​សមាគម​ស្វាយ​កំពង់​ស្ពឺ​ថា កម្ពុជា​អាច​ផលិត​ផ្លែស្វាយ​បាន​រហូត​ដល់​ជាង ១​លាន​តោន​ក្នុង​១ឆ្នាំ។ កន្លង​មក កម្ពុជា​បាន​នាំ​ផ្លែ​ស្វាយ ទៅ​កាន់​ទីផ្សារ​ប្រទេស​មួយ​ចំនួន​ ដូចជា ​ថៃ វៀតណាម ចិន និង​កូរ៉េខាងត្បូង​៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;