ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ផលិត​ស្ករស​នៅ​កោះកុង ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ

  • 2018-03-22 06:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាពលរដ្ឋ​ចំនួន ៣៧៥គ្រួសារ និង​ក្រុមហ៊ុន Koh Kong Plantation និង​ក្រុមហ៊ុន Koh Kong Sugar Industry ដែលទទួល​បាន​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​វិនិយោគ​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ បាន​បញ្ចប់​ករណី​វិវាទ​ដីធ្លី​គ្នា​ជា​ស្ថាពរ​ហើយ។ ការ​ស្វែងរក​ដំណោះ​ស្រាយ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​១ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់។

ក្រុម​ប្រជាពលរដ្ឋ ១៧៥​គ្រួសារ បាន​យល់ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ទំហំ​ដី ៣​ហិចតា និង​ថវិកា​ចំនួន ២៥០០ដុល្លារ​ក្នុង១​គ្រួសារ ប៉ុន្តែ​មិន​ដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដោះស្រាយ​រួចហើយ​នោះទេ។ ចំណែក​ក្រុម​ប្រជាពលរដ្ឋ ២០០គ្រួសារ​ផ្សេង​ទៀត យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ទំហំ ១,៥ហិចតា​ក្នុង១​គ្រួសារ។

ភាគី​ក្រុមហ៊ុន យល់ព្រម​ឲ្យរដ្ឋ​កាត់​ដី​ទំហំ ៨២៥​ហិចតា ស្ថិត​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ចេញពី​ដីសម្បទាន​សេដ្ឋកិច្ច​ដែលបាន​ទទួល​សិទ្ធិវិនិយោគ​ពី​រាជ​រដ្ឋាភិបាល ដើម្បី​រដ្ឋ​ធ្វើ​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខាងលើ និង​ផ្តល់​ថវិកា​តាម​ចំនួន​ខាងលើ ជូន​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ចំណោម ១៧៥​គ្រួសារ​តាម​សំណូមពរ។

សូម​ជម្រាប​ថា ជម្លោះ​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន Koh Kong Sugar របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ក្នុង​ភូមិសាស្រ្ត​ឃុំ​ជីខលើ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០៦ រហូត​មកដល់​ពេលនេះ គឺ​ប្រមាណ​ជា១២ឆ្នាំ​ហើយ មិនទាន់​ដោះស្រាយ​ចប់។ ​ប្រជាពលរដ្ឋ​បាន​តវ៉ា​សុំ​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​កាលពី​ព្រឹកមិញ​នេះ ក្រសួង​ដែនដី បាន​​បើក​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ។

ភាគី​ដែល​ចូលរួម​ប្រជុំនេះ​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ដែនដី និងមាន​ការ​ចូលរួម​ពី​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង លោក George Edgar ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក​ឧកញ៉ា លី យ៉ុងផាត់ តំណាង​ក្រុមហ៊ុន តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;