ប្រទេស​៤ នឹង​ជួយ​ជួសជុល​ប្រាសាទ​ព្រះវិហារ និង​កោះកេរ

  • 2018-03-22 07:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចំនួន​៤ នៃ​សមាជិក​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្ដរជាតិ​សម្រាប់​អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​ព្រះវិហារ ហៅ​កាត់ អាយ​ស៊ីស៊ី​ព្រះវិហារ រួមមាន​ចិន ឥណ្ឌា រុស្ស៊ី និង​ថៃ គ្រោង​ជួសជុល​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​ប្រាសាទ​មួយ​ចំនួន​ទៀត នៅក្នុង​តំបន់​រមណីយដ្ឋាន​កោះកេរ។

ប្រាសាទព្រះវិហារ
លោក គឹម សេតារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ប្រាប់​អ្នក​សារព័ត៌មាន ​ក្រោយ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី៤ នៃ​អាយ​ស៊ីស៊ី​ព្រះវិហារ នៅ​មជ្ឈ​មណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​ថា តំបន់​ប្រាសាទ​ព្រះវិហារ មាន​តួ​ប្រាសាទ​ចំនួន​៥​កន្លែង ដែល​មាន​ភាព​ទ្រុឌទ្រោម ដោយ​តួ​ប្រាសាទ​ទី១ ទី២ និង​ទី៣ ប្រទេស​ចិន នឹង​ជួយ​ធ្វើការ​ជួសជុល និង​អភិរក្ស។

លោក​បន្ត​ថា សម្រាប់​តួ​ប្រាសាទ​ទី៤ និង​ទី៥ ព្រមទាំង​ជណ្ដើរ​ខាងជើង គឺ​ប្រទេស​ឥណ្ឌា ជាអ្នក​ជួយ​ជួសជុល។ ជាមួយគ្នា​នេះ ប្រទេស​រុស៊្សី នឹង​ជួយ​ជួសជុល​នៅ​គោបុរៈ​ផ្សេង​ទៀត។ ចំណែក​ប្រទេស​ថៃ នឹង​ធ្វើការ​ជួសជុល​ប្រាសាទ​មួយ​ចំនួន​ទៀត​ក្នុងរមណីដ្ឋាន​ប្រាសាទ​កោះកេរ។

ប្រាសាទកោះកេរ

​លោក​បាន​លើកឡើង​ថា រាជ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទាំង​ថវិកា និង​អ្នក​ជំនាញ ដើម្បី​ឲ្យ​វប្បធម៌​របស់​កម្ពុជា​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​១​កម្រិត​ទៀត ខណៈ​ដែល​ប្រាសាទ​ទាំងនោះ​មាន​វ័យ​ចំណាស់ និង​មួយ​ចំនួន​មាន​ការ​ទ្រុឌ​ទ្រោម​ខ្លំាង ដែល​ត្រូវការ​ជួយ​សង្គ្រោះ​បន្ទាន់។ ​

លោក គឹម សេតារា ក៏​បាន​បង្ហាញក្តី​បារម្ភ​អំពី​ប្រាសាទ​ព្រះ​វិហារ ដែល​កំពុង​ជួប​កង្វះ​ទឹក​ក្រោម​ដី ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ និង​មាន​ផល​ប៉ះពាល់​ពី​ភ្លើង​ឆេះព្រៃ​នៅ​រដូវប្រាំង​ផងដែរ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;