យោធា​​មក​ពី​​ប្រទេស​​មួយ​​នៅ​​អាមេរិក​​ឡាទីន បញ្ចប់​ការ​​ហ្វឹកហាត់​​ជំនាញ​​ឆ្កែ​ហិត​មីន នៅកម្ពុជា

  • 2018-03-22 12:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកជំនាញរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក បានបញ្ចប់ដោយជោគជ័យក្នុងការហ្វឹកហាត់យោធាមកពីប្រទេសកូឡុំប៊ី ចំនួន ១០នាក់ លើជំនាញបង្ហាត់ឆ្កែហិតមីន។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ សប្តាហ៍។

ពិធីបិទវគ្គហ្វឹកហ្វឺនយោធាកូឡុំប៊ី លើជំនាញបង្ហាត់ឆ្កែហិតមីន បានធ្វើឡើង នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។ កូឡុំប៊ី ក៏គ្រោងបញ្ជូនថ្នាក់ដឹកនាំសំខាន់ៗ មករៀនសូត្រពីកម្ពុជាបន្ថែមទៀត លើជំនាញដោះមីន។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានថ្លែងថា កម្ពុជាពិតមានមោទនភាពដែលបានសាបព្រួសជំនាញសុនខហិតមីន ទៅដល់បណ្តាប្រទេសដទៃ។

លោកហេងរតនា បញ្ជាក់ថា ស៊ីម៉ាក់ កំពុងខិតខំបង្កើតមណ្ឌលសុនខជាតិមួយ ដែលសមត្ថភាពលើការប្រើប្រាស់សុនខនេះ សម្រាប់កិច្ចការសន្តិសុខ សង្គម និងការបោសសំអាតសំណល់ជាតិផ្ទុះក្រោយសង្គ្រាម។

លោក ហេង រតនា បន្តថា កូឡុំប៊ីជាប្រទេសធំ និងមានប្រជាជនជាង ៥០លាននាក់ ដែលដំបូងឡើយយោធានៃប្រទេសមួយនេះ គិតថា មិនដឹងអាចរៀនសូត្រអ្វីបានពីកម្ពុជា និងស៊ីម៉ាក់នោះទេ ព្រោះជាប្រទេសតូច ប្រជាជនតិច និងទើបចប់ពីសង្គ្រាម។ ប៉ុន្តែ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនអស់រយៈពេល ៣សប្តាហ៍មក យោធាចារ្យសុនខហិតមីននៃយោធាកូឡុំប៊ី បានភ្លឺភ្នែកជាមួយសមត្ថភាពរបស់កម្ពុជា និងបានសំណូមពរ ឲ្យបន្តជួយបន្ថែមទៀត។

យោធាកូឡុំប៊ីទាំង ១០ នាក់ ទទួលបានការហ្វឹកហ្វឺនជំនាញសុនខហិតមីន ពីអង្គភាពស៊ីម៉ាក់ ដោយមានជំនួយពីអង្គការ JICA របស់ជប៉ុន។

ក្នុងរយៈពេល ៣សប្តាហ៍ យោធាកូឡុំប៊ីទាំងនោះ បានចុះទៅហ្វឹកហ្វឺន នៅតាមកងឯកភាពនានារបស់ស៊ីម៉ាក់ រួមមាន នៅខេត្តកំពង់ឆ្នាំ បាត់ដំបង សៀមរាប និងកំពង់ចាម។

លោក ហេង រតនា បញ្ជាក់ថា គម្រោងថ្មីមួយទៀត ដែលរដ្ឋាភិបាលជប៉ុន ជួយទៅកូឡុំប៊ី គឺសុំអង្គភាពស៊ីម៉ាក់ បញ្ជូនកំលាំងទៅជួយហ្វឹកហ្វឺន នៅប្រទេសកូឡុំប៊ីតែម្តង។

សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ បានប្រតិបត្តិការរយៈពេលជាង ២០ឆ្នាំមកហើយ លើការបោសសម្អាតមីនពេញលេញ ជាពិសេសជំនាញខាងសុនខហិតមីននេះតែម្តង។ ស៊ីម៉ាក ក៏មានសមត្ថភាពបង្កាត់ពូជឆ្កែហិតមីនបានផងដែរ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;