អតីត​ប្រធានាធិបតី​កូរ៉េ លី ម្យ៉ុងបាក់ ត្រូវ​បាន​​ចាប់​ខ្លួន​ពី​បទ​ពុករលួយ

  • 2018-03-23 01:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​​លី ម្យ៉ុងបាក់ (Lee Myung-bak) ​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ត្រូវ​បាន​ចាប់ខ្លួន​ហើយ បន្ទាប់​ពី​តុលាការ​ក្រុង​សេអ៊ូល ចេញ​ដីកា​ចាប់ខ្លួន​លោក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២២ មីនា​ម្សិល​មិញ ពី​បទ​ចោទ​ប្រកាន់​ជាច្រើន ដូចជា​ពុក​រលួយ ស៊ីសំណូក និង​កេងបន្លំ​ពន្ធ​ជាដើម។

រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​ បាន​ចោទ​ប្រកាន់​​លោក​ លី​ ថាបាន​យក​ប្រាក់​ប្រមាណ​ជា​ជាង​ ១០,៣ពាន់​លាន​ដុល្លារ​ ពី​ស្ថាប័ន និង​បុគ្គ​ល​មួយចំនួន អំឡុង​ពេល​លោក​នៅ​ក្នុង​តំណែង។ លោកក៏​រង​ការ​ចោទ​ប្រកាន់​ថា​បានបង្កើតមូលនិធិ​សម្ងាត់​​នយោបាយ​ដែល​គិត​ជា​ប្រាក់​ប្រមាណជាង ៣២​លាន​ដុល្លារ​ផងដែរ។

​កាល​ពី​សប្ដាហ៍​មុន អតីត​ប្រធានាធិបតី វ័យ ៧៦​ឆ្នាំ​រូបនេះ ត្រូវ​បានសាក​សួរ​ដោយ​សមត្ថកិច្ច​ប្រហែល​ជាង​ ២១​ម៉ោង​។ នៅ​ក្នុង​ការសាកសួរនោះ លោកបាន​ទាត់​ចោល​ស្ទើរ​តែ​គ្រប់​ការ​ចោទ​ប្រកាន់​ទាំង​អស់ តែ​លោកព្រមទទួល​ស្គាល់​ថា​ លោកពិត​ជា​បាន​ទទួល​លុយ​ចំនួន ១០​ម៉ឺន​ដុល្លារ​ពី​ភ្នាក់ងារ​ចារកម្ម​ជាតិ​មែន អំឡុង​ពេល​កាន់​តំណែង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋអាជ្ញា។

សូម​បញ្ជាក់ថា លោក លី ធ្លាប់​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;