ស្វាយ​ជ្រុំ ជា​តំបន់​កំពុង​មាន​សក្តានុពលខ្លាំង​សម្រាប់​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ

  • 2018-03-23 07:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ប៊ុនថៃ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Babylon Investment Cambodia បាន​លើកឡើង​ថា ទីតាំង​ដី​នៅ​តំបន់​ស្វាយជ្រុំ ខេត្ត​កណ្តាល គឺ​កំពុង​មាន​សក្តានុពល​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ខុនដូ ផ្ទះ​ល្វែង និង​បុរី​ជាដើម ព្រោះថា​តំបន់​នេះ គឺ​កៀកខ្លាំង​ទៅនឹង​រាជ​ធានី​ភ្នំពេញ​ជាង​ទីតាំង​ផ្សេងៗ បើសិន​ជា​គម្រោង​សង់​ស្ពាន​ឆ្លង​កាត់​ទៅ​ស្វាយជ្រុំ​ត្រូវ​បាន​បញ្ចប់។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ តម្លៃ​ដី និង​អចលនទ្រព្យ​ក្នុង​ទីតាំង​នេះ កំពុង​ឡើង​ថ្លៃ តែ​នៅតែ​ធូរថ្លៃ​នៅឡើយ បើ​ធៀប​នឹង​តំបន់​កៀក​ទីក្រុង​ផ្សេងទៀត។ នេះគឺ​ជា​កត្តា​អំណោយផល និង​ឱកាស​វិនិយោគ​ច្រើន សម្រាប់​អ្នក​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ ព្រោះ​ថា បើស្ពាន​សង់​ចប់ តម្លៃដី អាច​កើនឡើង​ទ្វេដង។

ថ្លែងក្នុង​ពិធី​បើក​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ផ្ទះ​តម្លៃ​ទាប និង​មធ្យម របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ Babylon Investment នៅលើ​ទឹកដី​ស្វាយ​ជ្រុំ ដែលត្រូវ​បាន​ប្រកាស​ដាក់លក់ កាលពី​ថ្ងៃទី២១ ខែ​មីនា ឆ្នាំ​២០១៨ លោក ចូ ណាតាន់ឃ្វិក អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ Babylon ម៉ាឡេស៊ី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តំបន់​ស្វាយជ្រុំ ពិត​ណាស់ គឺជា​ទីតាំង​មួយ​ដែល​មាន​កត្តា អំណោយផល​ល្អ​ច្រើន និងមាន​តម្លៃ​ដី​ទាប​នៅឡើយ បើ​ប្រៀបធៀប​នឹង​ទីតាំង​ផ្សេងទៀត ដែល​ស្ថិតនៅ​ក្បែរ​រាជធានី​ភ្នំពេញ។

លោកបាន​បន្ថែម​ថា ដោយ​មើល​ឃើញ​ពី​កត្តា​អំណោយផល​ទាំងនេះ ទើប​ក្រុម​ហ៊ុន​ទាំង២​ កម្ពុជា និង​ម៉ាឡេស៊ី សម្រេច​បោះទុន​វិនិយោគ​រួមគ្នា​ដើម្បី​បង្កើត​ជា​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ លើ​ផ្ទៃដី​ប្រមាណ ១០ហិចតា​នៅ​តំបន់​នេះ។

សូម​រម្លឹក​ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹង​កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៨​ថា គម្រោង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ ភ្នំពេញ-អរិយក្សត្រ និង​ភ្នំពេញ-ក្តី​តាកុយ ត្រូវ​បាន​ក្រសួង​បញ្ចប់​ការ​សិក្សា​រួចរាល់​ហើយ ដោយ​រង់​ចាំតែ​ថ្ងៃ​ចាប់ផ្តើម​សាងសង់​ប៉ុណ្ណោះ ខណៈ​ដែល​ដី​នៅ​តំបន់​នោះ កំពុង​ឡើង​ថ្លៃ៕

ចុចអាន៖ គម្រោង​ស្ពាន​២​កន្លែង ឆ្លងកាត់​ទន្លេ​នៅ​ភ្នំពេញ ត្រូវបាន​សិក្សា​រួចហើយ

---> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;