ដឹង​ទីតាំង​ជាក់លាក់​នៃ​ការ​រៀបចំ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័លឆ្នាំ​២០១៨​នេះហើយ

  • 2018-03-23 08:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល និង​តាំង​ពិព័រណ៍​ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុង​ស្រុក នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​បរិវេណ​វិទ្យាល័យ​ស្វាយរៀង ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង។ ព្រះ​រាជ​ពិធី​នេះ នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ទាក់ទង​នឹង​ការ​រៀបចំ​ប្រារព្ធ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នេះ សម្ដេច​ គង់ សំអុល ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជវាំង និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ បាន​ដឹកនាំ​កិច្ច​ប្រជុំ​នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ។

សូម​រំលឹក​ថា ព្រះ​រាជ​ពិធី​ច្រត់​ព្រះនង្គ័ល​កាលពីឆ្នាំ២០១៧ គឺធ្វើឡើងនៅក្នុង​បរិវេណ​សាកលវិទ្យាល័យ ជាស៊ីម កំចាយមារ ខេត្តព្រៃវែង។ ចំណែក​កាលពីឆ្នាំ២០១៦ ព្រះ​រាជ​ពិធី​​នេះ បាន​ប្រារព្ធ​ឡើង នៅ​ទីលាន​ជល់​ដំរី ក្នុង​បរិវេណ​អង្គរ​ធំ នៅ​ទីរួម​ខេត្ត​សៀមរាប។

ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​៤រោច ខែពិសាខ ដើម្បី​ប្រកាស​ប្រាប់​ដល់​ប្រជា​កសិករ​ថា រដូវ​ធ្វើ​ស្រែ​ចម្ការ​ បាន​មក​ដល់​ហើយ។ ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះនង្គ័ល ក្រៅ​ពី​ស្តេច​មាឃ និង​ព្រះ​មេហួរ រួម​ទាំង​នង្គ័ល​អម​២ទៀត បាន​ភ្ជួររាស់​សាប​ព្រួស​ជា​និមិ្មត្តរូប ៣ ជុំ​ហើយ ក៏​មាន​ពិធី​ផ្សង​ប្រផ្នូល​តាម​រយៈ​គោ​ឧសភរាជ (គោ​បា​របស់​ព្រះមហាក្សត្រ) ឲ្យ​បរិភោគ​កសិផល ៦ មុខ រួម​មាន៖ ពោត ល្ង សណ្តែក ស្រូវ ទឹក និង​ស្មៅ។ ក្នុង​ពិធី​នេះ ក៏​មាន​ការ​បួងសួង​សុំ​ទឹក​ភ្លៀង​ផងដែរ៕

---> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

អត្ថបទ៖ សំភី

អត្ថបទថ្មី
;