កម្ពុជា នឹង​មាន​ស្ថានីយ​តាម​ដាន​ការ​រញ្ជួយ​ដី ចំនួន​៤

  • 2018-03-24 02:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ចិន នឹង​ជួយ​កម្ពុជា ក្នុង​ការ​ដំឡើង​ស្ថានីយ​តាម​ដាន​ការ​រញ្ជួយ​ដី ចំនួន ៤​កន្លែង រួមទាំង​ធ្វើការ​បណ្ដុះ​បណ្ដាល​មន្ត្រី​កម្ពុជា ផង​ដែរ។ នេះ​ជា​ការ​បញ្ជាក់ ក្នុង​ជំនួប​ពិភាក្សា​ការងារ​អំពី​កិច្ច​សហប្រតិបត្តិការ​ដំឡើង​ស្ថានីយ​តាម​ដាន​ការ​រញ្ជួយ​ដី​នៅ​កម្ពុជា ជាមួយ​គណៈ​ប្រតិភូ​ចិន​។

ជំនួប​ពិភាក្សា​ការងារ​អំពី​កិច្ច​សហប្រតិបត្តិការ​ដំឡើង​ស្ថានីយ​តាម​ដាន​ការ​រញ្ជួយ​ដី​នៅ​កម្ពុជា ជាមួយ​គណៈ​ប្រតិភូ​ចិន​
នាយកដ្ឋាន​ភូគព្ភសាស្ត្រ និង​ក្រុម​ការងារ​ជំនាញ​នៃ​ក្រុម​ការងារ​ក្រសួង​រ៉ែ​ និង​ថាមពល បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អង្គភាព​តាម​ដាន​ការ​រញ្ជួយ​ដី​នៃ​ប្រទេស​ចិន (China Earthquake Administration-CEA) កាល​ពី​ថ្ងៃ​ទី២០-២២ ខែ​មីនា ឆ្នាំ​២០១៨។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​កម្រិត​បច្ចេកទេស​នេះ​ មន្ត្រី​ជំនាញ​បាន​ពិភាក្សា​ផ្តោត​លើ​ការងារ មាន​ដូច​ខាងក្រោម​៖

១- ពិនិត្យ​លើ​លទ្ធភាព​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ​ និង​ថាមពល និង​អង្គភាព​តាមដាន​ការ​រញ្ជួយ​ដី​នៃ​ប្រទេស​ចិន ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​ទាំង​ពីរ​ពិនិត្យ និង​សម្រេច។ តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​នេះ ភាគី​ចិន​នឹង​ជួយ​ដំឡើង​ស្ថានីយ៍​តាម​ដាន​ការ​រញ្ជួយ​ដី​ជូន​ភាគី​កម្ពុជា​ចំនួន​០៤ និង​មជ្ឈមណ្ឌល​វិភាគ​ទិន្នន័យ​រញ្ជួយ​ដី​នៅ​កម្ពុជា និង​ក្នុង​តំបន់។

២- ទស្សនកិច្ច​នេះ បាន​ពិនិត្យ​ឧបករណ៍​តាម​ដាន​ការ​រញ្ជួយ​ដី​ដែល​មាន​ស្រាប់​នៅ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​សៀមរាប​។

បច្ចុប្បន្ន CEA បាន​សហការ​ជាមួយ​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ក្នុង​ការ​ជួយ​ពង្រឹង​សមត្ថភាព​របស់​ប្រទេស​ទាំង​នោះ​ក្នុង​ការ​តាមដាន​ការ​រញ្ជួយ​ដី និង​កំពុង​ប្រតិបត្តិ​តាម​ដាន​ការ​រញ្ជួយ​ដី​នៅ​ស្ថានីយ​ជាង​១៨០០ ក្នុង​ពិភពលោក៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;