គយខ្មែរ និង​វៀតណាម ឯកភាព​លើ ៨​ចំណុច ដើម្បី​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម

  • 2018-03-24 04:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ប្រជុំ​ស្វែងយល់​ពី​លំហូរ​ទំនិញ​ឆ្លងកាត់​ប្រទេស​កម្ពុជា-វៀតណាម រដ្ឋបាល​គយ​កម្ពុជា​ និង​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការ​ពិភាក្សា និង​ផ្លាស់ប្ដូរ​ព័ត៌មាន អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ទំនើបកម្ម និង​បាន​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់ៗ​ដូច​ខាងក្រោម​៖

១- ប្រគល់​ភារកិច្ច​ជូន​នាយកដ្ឋាន​កិច្ចការ​អន្តរជាតិ ដើម្បី​បញ្ចប់​សេចក្ដី​ព្រាង អនុស្សរណៈ​យោគយល់​គ្នា​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ដើម្បី​ដាក់​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ ​និង​សម្រេច

២- ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម វិនិយោគ និង​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ជំរុញ​ការ​ផ្សព្វផ្សាយ​ជូន​ពាណិជ្ជករ​នៅ​ពេល​ដែល​មាន​បទប្បញ្ញត្តិ​គយ​ថ្មីៗ

៣- បង្កើត​ចំណុច​ទំនាក់ទំនង​សម្រាប់​ផ្លាស់​ប្ដូរ​ស្ថិតិ​ពាណិជ្ជកម្ម និង​ព័ត៌មាន​អំពី​ទំនិញ​ឆ្លងកាត់​ឲ្យបាន​ជាប្រចាំ

៤- រៀបចំ​កិច្ចប្រជុំ​ជាប្រចាំ​រវាង​ថ្នាក់​អគ្គនាយកដ្ឋាន នាយកដ្ឋាន​គន្លឹះ និង​ថ្នាក់​ខេត្ត

៥- បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការទប់ស្កាត់ បង្ក្រាប អំពើ​រត់គេច​ពន្ធ និង​បទល្មើស​គយ

៦- ជំរុញ​ការរៀបចំ​អនុវត្ត​យន្តការ​ត្រួតពិនិត្យ​តែ​មួយ​ដង (Single Stop Inspection) នៅ​ច្រក​អន្តរជាតិ​បាវិត​-​ម៉ុក​ប៉ៃ

៧- ជួយ​សម្រួល ​និង​ពង្រឹង​ការគ្រប់គ្រង​ទំនិញ​ឆ្លងកាត់​ពី​ប្រទេស​ទី​៣​ មក​កម្ពុជា​ដោយ​ប្រើប្រាស់​កំពង់ផែ Cat Lai​ ។ ​រដ្ឋបាល​គយ​កម្ពុជា​បាន​ស្នើ​កុំឲ្យ​មាន​ការ​កាត់​សៀល និង​រើ​ទំនិញ​ចេញពី​កុង​តេន័រ​នៅ​ក្នុង​ទឹកដី​វៀតណាម ដើម្បី​រក្សា​យថា​ប្រភេទ និង​បរិមាណ​ទំនិញ និង​ចំនួន​កុង​តេន័រ ដែល​ត្រូវ​ប្រកាស​ដើម្បី​បង់​ពន្ធអាករ​នាំចូល​ឲ្យបាន​ត្រឹមត្រូវ

៨- បន្ត​ពង្រឹង​កិច្ច​សហការ ​និង​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ដូចជា ក្នុង​អាស៊ាន អង្គការ​គយ​ពិភពលោក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ រដ្ឋបាល​គយ​ទាំង​ពីរ ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​ចាត់ទុកថា កិច្ចប្រជុំ​ទ្វេភាគី​នេះ​មាន​សារៈសំខាន់ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទាំង​ក្នុង​កម្រិត​ទ្វេភាគី និង​ពហុភាគី និង​ឆ្លើយតប​ទៅ​នឹង​កំណើន​ទីផ្សារ​ និង​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;