ចាប់ពី​​ដើម​ខែ​មេសា តទៅ​ ថង់​ប្លាស្ទិក​សម្រាប់​ដាក់​ទំនិញ​ នៅ​តាម​ផ្សារ​ទំនើប ក៏​ត្រូវ​លក់​ដែរ

  • 2018-03-24 07:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល បាន​សម្រេច​ថា ប្រជាពលរដ្ឋ ដែល​ទិញ​ទំនិញ នៅ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​នានា ក្នុង​ប្រទេស​កម្ពុជា ហើយ​វេច​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក មាន​ដៃ​យួរ នឹង​ត្រូវ​បង់​កម្រៃ​បន្ថែម ចាប់ពី​ថ្ងៃ​ទី០១ ខែ​មេសា ឆ្នាំ​២០១៨ ​តទៅ។ ថង់​ប្លាស្ទិក ១ ថ្លៃ ៤០០ ​រៀល។

លោក ហេង ណារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ការ​តម្រូវ​ឲ្យ​ហាង​ទំនិញ គិត​កម្រៃ​បន្ថែម​ពី​អតិថិជន​នេះ មិន​មែន​ជា​ការ​ធ្វើ​អាជីវកម្ម ដើម្បី​រក​ចំណូល​នោះ​ទេ តែ​ជា​ការ​ពញ្ញាក់​ស្មារតី ក៏ដូចជា​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​គិតគូរ​ពី​បញ្ហា​បរិស្ថាន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក។

សូម​បញ្ជាក់​ថា ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​ ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៧ ស្តីពី​ការ​គ្រប់គ្រង​ថង់​ប្លាស្ទិក។ អនុក្រឹត្យ​នោះ មាន​ចុះ​ហត្ថលេខា​អម​ដោយ​រដ្ឋមន្ត្រី ៣ រូប គឺ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។

អនុក្រឹត្យ​នេះ បាន​កំណត់​ពី​វិធានការ​កាត់​បន្ថយ ការ​នាំចូល ការ​ផលិត ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក សំដៅ​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោភ័ណភាព​៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;