គ្រឿង​ចក្រ​កម្ទេច​មីន​ធុនធ្ងន់​របស់​ជប៉ុន បាន​ទៅ​ដល់​ដៃ​ស៊ីម៉ាក់​ហើយ

  • 2018-03-28 12:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រឿងចក្រ​កម្ទេច​មីន​ធុនធ្ងន់ ចំនួន ៥​គ្រឿង និង​គ្រឿង​បន្លាស់​មួយ​ចំនួន ដែល​ជា​អំណោយ​របស់​ប្រទេស​ជប៉ុន ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា កាលពី​ដើម​ខែ​មីនា។ ពេល​នេះ គ្រឿងចក្រ​កម្ទេច​មីន​ទាំង​នោះ ត្រូវ​បាន​រក្សា​ទុក​នៅ​ទី​បញ្ជា​ការ​ភូមិ​ភាគ​ស៊ីម៉ាក់ ខេត្ត​បាត់ដំបង។

គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​នេះ មាន​ទម្ងន់​ពី ២៧ ទៅ ៣០តោន និង​មាន​សមត្ថភាព​វាយ​កម្ទេច​គ្រាន់​មីន នៅ​ក្នុង​ចម្ការ​មីន ដោយ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខ្ពស់។

គ្រឿងចក្រ​កម្ទេច​មីន​ធុនធ្ងន់ ចំនួន ៥​គ្រឿង
លោក ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់ ស៊ីម៉ាក់ បាន​ឲ្យដឹង​ថា គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​ទាំង ៥គ្រឿង និង​គ្រឿង​បន្លាស់ ដែល​មាន​តម្លៃ​ជិត​សរុប ៤លាន​ដុល្លារ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន នឹង​ត្រូវ​ប្រើប្រាស់ សម្រាប់​សកម្មភាព​បោស​សម្អាត​គ្រាប់មីន​រហូត​ដល់​ខែ​តុលា ឆ្នាំ​២០១៩ នៅ​ខេត្ត​បាត់ដំបង ក្នុង​ស្រុក​ចំនួន​៤ គឺ​ស្រុក​សំឡូត ស្រុក​រតនៈមណ្ឌល ស្រុក​បាណន់ និង​ស្រុក​បរវេល។

លោក ហេង រតនា បញ្ជាក់​ថា នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ ក្រុម​បច្ចេកទេស​ជប៉ុន នឹង​បង្រៀន​កម្ពុជា​ពី​ការ​ប្រើប្រាស់​សម្ភារៈ​គ្រឿង​ចក្រ​ធុន​ធ្ងន់​នេះ ហើយ​នឹង​ធ្វើ​ពិធី​ផ្ទេរ-ប្រគល់ ដើម្បី​ធ្វើ​សកម្មភាព​បោស​សម្អាត​ចម្ការ​មីន​តែ​ម្តង។

អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​លើកឡើង​ថា ចម្ការ​មីន នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ពិបាក​ស្មុគស្មាញ ហើយ​ប្រឈម​មុខ​នឹង​អ​សុវតិ្ថភាព​ក្នុង​ប្រតិបតិ្តការ​បោស​សម្អាត​មីន ទើប​អង្គភាព​ស៊ីម៉ាក់ សម្រេច​ពង្រាយ​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​នេះ ដើម្បី​កាត់​បន្ថយ​ការ​គំរាមកំហែង​។

នៅ​ឆ្នាំ​២០១៨​នេះ ស៊ីម៉ាក់ មាន​ផែនការ​បោស​សម្អាត​ផ្ទៃ​ដី​ឲ្យ​បាន ១២០ គីឡូម៉ែត្រ​ក្រឡា ដែល​ត្រូវ​ការ​ថវិកា​ជំនួយ​ប្រមាណ ១៨​លាន​ដុល្លារ។ រហូត​ដល់​មក​ពេល​នេះ លោក ហេង រតនា លើកឡើង​ថា ស៊ីម៉ាក់ នៅ​ខ្វះ​ថវិកា​ប្រមាណ​ពី ២ លាន ៥​សែន​ដុល្លារ ទៅ ៣​លាន​ដុល្លារ​ទៀត សម្រាប់​ប្រតិបត្តិការ​បោស​សម្អាត​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;