​ក្រុម​តារា K-pop របស់​កូរ៉េខាងត្បូង ចេញ​ទៅបង្ក​ភាព​ភ្ញាក់​ផ្អើល​នៅ​កូរ៉េខាងជើង

  • 2018-03-31 08:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ក្រុម​តារា K-pop ចំនួន ១២០​នាក់ រួម​ទាំង​ក្រុម​ចម្រៀង​ស្រី​ដ៏​ល្បី​របស់​កូរ៉េខាងត្បូង Red Velvet នៅ​ថ្ងៃ​ទី៣១ ខែ​មីនា​នេះ បាន​ចាកចេញ​ពី​ព្រលាន​យន្តហោះ​ទីក្រុង​សេអ៊ូល ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ធ្វើ​ការ​សម្ដែង​ពីរ​នៅ​ទីនោះ​។

រដ្ឋមន្ត្រី​វប្បធម៌​កូរ៉េខាងត្បូង លោក Do Jong-hwan បាន​ថ្លែង​ថា ការ​សម្ដែង​នៅ​ក្រុង​ព្យុងយ៉ាង ជា​ការ​ជំរុញ​សម្រាប់​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ទៅវិញទៅមក​រវាង​កូរ៉េ​ទាំងពីរ និង​កិច្ច​សហ​ប្រតិបត្តិ​ការ ដែល​បាន​កើត​មាន​ជា​ថ្មី​កាល​ពី​ខែ​កុម្ភៈ​។

ការ​សម្ដែង​ដដែល ត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ "រដូវ​ស្លឹក​ផ្ការីក ខិត​ជិត​មក​ដល់​ហើយ"។ ក្នុង​នោះ គេ​នឹង​រៀបចំ​ការ​ប្រគំតន្ត្រី ដាច់​ដោយឡែក​របស់​ក្រុម K-pop កូរ៉េខាងត្បូង នៅ​ថ្ងៃ​អាទិត្យ ទី១​មេសា ស្អែក​នេះ មុន​ការ​សម្ដែង​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ នៅ​ថ្ងៃ​អង្គារ។ ការ​សម្ដែង នៅ​ថ្ងៃ​ទី​មួយ នឹង​ត្រូវ​ថត​ជា​កម្មវិធី​ទូរទស្សន៍​រួម​មួយ ដោយ​ត្រូវ​ចងក្រង​ទុក​ជា​ឯកសារ​រវាង​ប្រទេស​ទាំងពីរ​។

ក្រុមចម្រៀង Red Velvet

គូស​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ កូរ៉េ​ទាំងពីរ​បាន​ព្រមព្រៀង​លើ​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ខែ​ក្រោយ​ ដែល​មិន​ធ្លាប់​កើត​មាន​ជាង​១១ឆ្នាំ​មក​ហើយ​។ កិច្ច​ប្រជុំ​នេះ ត្រូវ​ធ្វើឡើង​នៅ​ភូមិ Panmunjom នៃ​ព្រំប្រទល់​ប្រទេស​ទាំងពីរ ដែល​មាន​ការ​រឹត​បណ្ដឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង៕


ប្រភព៖ The Nation ប្រែ​សម្រួល៖ លាភ.