ទំនាយ​៧​យ៉ាង អំពី​ហេតុភេទ​នៃ​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម​មហាទរា​ទេវី

  • 2018-04-14 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈ​សៀវភៅ​មហាសង្ក្រាន្ត ដែល​រៀបរៀង​ដោយ​លោក​ អ៊ឹម បុរិន្ទ អគ្គលេខាធិការ​រង នៃ​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​បង្ហាញ​អំពី​ទំនាយ​នៃ​ទេវតា​ឆ្នាំ​ថ្មី​ដូច​ខាង​ក្រោម​៖

១. ​​ទំនាយ​ទឹក​ភ្លៀង​៖  ​ឆ្នាំ​នេះ​ ភព​ពុធ​ជា​អធិបតី ដឹក​នាំ​ផ្លូវ​ទឹក​ទៅ​សុំ​ទឹក​ភ្លៀង​ពី​ស្ដេច​នាគ​ ហើយ​នាគ​បាន​បង្អុរ​ទឹក​ភ្លៀង​ ៦០០​មេ។ ​ដូច្នេះ​ហើយ​នៅ​ជម្ពូ​ទ្វីប​មនុស្ស​លោក នឹង​បណ្ដាល​ឲ្យ​​មាន​ទឹក​ភ្លៀង​នៅ​ដើម​ឆ្នាំ​ល្អ កណ្ដាល​ឆ្នាំ​ល្អ ​និង​ចុង​ឆ្នាំ​ភ្លៀង​ច្រើន​។

២. ទំនាយ​អាកាសធាតុ៖ ទំនាយ​ទាយ​ថា អាកាសធាតុ​​ត្រជាក់​ខ្លាំង។

៣. ​ទំនាយ​ទឹក​ទន្លេ​៖  ឆ្នាំ​នេះ​ទំនាយ​ទឹក​ទន្លេ​មាន​សំណល់​៤ (បួន)។ ​ដូច្នេះ​ទំនាយ​ទាយ​ថា ទន្លេ បឹង​បួរ តូច​ណាស់​តូចជាង​ឆ្នាំ​ទាំង​ពួង​។

៤. ​ទំនាយ​ភោគផល​​របស់​កសិករ​៖ ឆ្នាំ​នេះ​មាន​កេណ្ឌ (៦) ​ឈ្មោះ​ថា​លាភ ទំនាយ​ថា ស្រូវ​សំណាប ស្រែ​ចម្ការ បាន​ផល​ ៩​ភាគ ខូចខាត​អស់​តែ​ ១​ភាគ ធុញ្ញាហារ មឹង្សាហារ​ផល្លា​ហារ ភោជនាហារ​បាន​ផល​ល្អ​។ ប្រជានុរាស្ត្រ​មាន​សេចក្ដី​សុខ​ជា​ភិយ្យោភាព។

៥. ទំនាយ​ការ​ធ្វើ​ស្រែ​៖ ទំនាយ​ទាយ​ថា ​ស្រែ​ទំនាប ​និង​ស្រែ​ដី​ទួល​គ្រប់​ទី​កន្លែង ​នឹង​ទទួល​បាន​ផល​ល្អ ដូចគ្នា​ទាំង​ពីរ​យ៉ាង​។

៦. ទំនាយ​អំពី​គ្រោះ​ធម្មជាតិ៖ ឆ្នាំ​នេះ​ត្រូវ​ចំ​សេស៥​ត្រូវ​ត្រង់ ដើម​អំពៅ​ជា​ស្ដេច មាន​ទំនាយ​ថា មាន​ភ្លៀង​ច្រើន​ ទឹក​នឹង​លិច​ស្រូវ។

៧. ទំនាយ​ពី​ព្រះអាទិត្យ​៖  ឆ្នាំ​នេះ​ព្រះអាទិត្យ​គឺ​ខ្យល់​ទៅ ទំនាយ​ថា បន្ទាប់​ពី​ថ្ងៃ​មហាសង្ក្រាន្ត​ទៅ​៧​ថ្ងៃ នឹង​មាន​ភ្លើង​ឆេះ​ក្នុង​ស្រុក អ្នក​តូច​នឹង​ធ្វើ​ទោស​អ្នក​ធំ នា​ឆ្នាំ​នេះ​នឹង​កើត​ឧត្បាត​កក្រើក​ផ្ទៃ​ក្រោម​នា​ស្រុក​នាម​កណ្ដុរ នាម​ពពែ ស្រុក​នាម​កណ្ដុរ​នឹង​កើត​សិក រាស្ត្រ​នឹង​ធ្វើ​ទោស​មន្ត្រី សមណ​ជី​ព្រាហ្មណ៍​នឹង​ក្ដៅ​ក្រហាយ​ចិត្ត។

ទេវតា​ឆ្នាំ​ថ្មី​នេះ ព្រះ​នាម ម​ហោទរាទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយ សាច់​ទ្រាយ (ជា​សត្វ​ព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ​៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;