រឿង​គួរ​ឲ្យ​កត់​សម្គាល់​៧​យ៉ាង កើតឡើង​អំឡុង​ការ​​សម្ដែង​របស់​ក្រុម​ K-pop ​នៅ​កូរ៉េខាងជើង

  • 2018-04-04 09:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តារា​ចម្រៀង K-pop របស់​កូរ៉េខាងត្បូង ប្រមាណ​ជា ១២០នាក់ បាន​វិលត្រឡប់​ទៅ​កាន់​ទីក្រុង​សេអ៊ូល​វិញ នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​​ចូលរួម​ការ​ប្រគំតន្ត្រី​ចំនួន ២ នៅ​ទីក្រុង​ព្យុងយ៉ាង ក្នុង​អំឡុង​រយៈពេល ៣​ថ្ងៃ។

ក្នុង​ដំណើរ​ទៅ​កាន់​កូរ៉េខាងជើង​នេះ ក្រុម K-pop បាន​ធ្វើ​ការ​ប្រគំតន្ត្រី ដាច់​ដោយ​ឡែក កាលពី​ថ្ងៃ​អាទិត្យ​ទី១ ខែ​មេសា និង​ចូលរួម​ការ​ប្រគំតន្ត្រី​រួម​គ្នា​ជាមួយ​ក្រុម​សិល្បករ​កូរ៉េខាងជើង កាលពី​ថ្ងៃ​អង្គារ ទី​៣ ខែ​មេសា ឆ្នាំ​២០១៨។

ខាងក្រោម​ជា​រឿងរ៉ាវ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ក្នុង​ដំណើរ​ចេញ​ទៅ​សម្ដែង​នេះ

  • លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង និង​ភរិយា​របស់​លោក បាន​ចូលរួម​ការ​ប្រគំតន្ត្រី​ទី​មួយ ដែល​ធ្វើឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​លោក​មិន​បាន​ចូលរួម​ការ​ប្រគំតន្ត្រី​ថ្ងៃ​អង្គារ ដែល​ត្រូវ​បាន​ធ្វើ​រួមគ្នា​រវាង​ក្រុម​សិល្បករ​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ​។

  • លោក គីម ជុងអ៊ុន បាន​ថ្លែង​ថា លោក​មាន​ក្ដី​រំភើប​បំផុត ចំពោះ​ការ​សម្ដែង​របស់​ក្រុម​សិល្បករ​កូរ៉េខាងត្បូង​។

  • មេដឹកនាំ​កូរ៉េខាងជើង បាន​ជួប​ផ្ទាល់​ជាមួយ​ក្រុម​ចម្រៀង​ស្រីដ៏​ល្បី​ Red Velvet របស់​កូរ៉េខាងត្បូង និង​បាន​និយាយ​លេង​សើច​ជាមួយ​ពួកគេ​ថែម​ទៀត​ផង។

  • ក្រុម Red Velvet បាន​ច្រៀង​បទ​ល្បី "Red Flavour” តែ​ហាក់​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ជាង ១២០០០​នាក់​ឡើយ ក្នុង​ការ​ប្រគំតន្ត្រី​ថ្ងៃ​ទីពីរ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​កូរ៉េខាងត្បូង​។

តារា​ចម្រៀង​ស្រី​កូរ៉េខាងត្បូង Choi Jin-hee
  • បទ "The Maze of Love” ដែល​ត្រូវ​បាន​ច្រៀង​ដោយ​តារា​ចម្រៀង​ស្រី​កូរ៉េខាងត្បូង Choi Jin-hee ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​កូរ៉េខាងជើង ព្រោះ​បទ​នេះ​ជា​បទ​ដែល​លោក គីម ជុងអ៊ីល ​អតីត​មេដឹកនាំ​កូរ៉េខាងជើង និង​ជា​ឪពុក​លោក​គីម ជុងអ៊ុន​ ពេញ​ចិត្ត។

  • ការ​ច្រៀង​រួមគ្នា​រវាង​សិល្បករ​មកពី​ប្រទេស​ទាំងពីរ តាម​រយៈ​បទ​កូរ៉េខាងជើង "Paektu and Halla are My Fatherland” ទទួល​បាន​ការ​ទះដៃ​សាទរ ពី​សំណាក់​ទស្សនិកជន​ផងដែរ​។

  • បទ “See You Again” និង “Our Wish is Reunification” បាន​ញ៉ាំង​បរិយាកាស​កាន់​តែ​ប្រសើរ ដោយ​ធ្វើ​ឲ្យ​ទស្សនិកជន​ងើប​ឈរ​ជាង ១០​នាទី។

ក្រោយ​បញ្ចប់​ការ​ប្រគំតន្ត្រី អ្នកដឹកនាំ​ក្រុម​សិល្បករ​កូរ៉េខាងជើង លោក​ស្រី Hyon Song-wol បាន​ចាត់​ទុក សកម្មភាព​ខាងលើ​ជា​ភាព​ជោគជ័យ​មួយ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ។

សូម​បញ្ជាក់​ថា ទំនាក់ទំនង​កូរ៉េខាងជើង-កូរ៉េខាងត្បូង មាន​ភាព​ប្រសើរ​ឡើង មុន​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា កាលពី​ខែ​កុម្ភៈ កន្លង​ទៅ ដែល​រៀបចំ​ឡើង​នៅ​កូរ៉េខាងត្បូង ជាមួយ​ការ​ចូលរួម​របស់​ប្រតិភូ​កីឡា​កូរ៉េខាងជើង​។

កូរ៉េ​ទាំងពីរ បាន​យល់ព្រម​ធ្វើ​កិច្ចប្រជុំ​កំពូល​មួយ នៅ​ថ្ងៃ​ទី២៧ ខែ​មេសា នៅ​ភូមិ Panmunjom នៃ​ព្រំប្រទល់​ប្រទេស​ទាំងពីរ ដែល​មាន​ការ​រឹត​បណ្ដឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង។ នេះ​ជា​កិច្ច​ប្រជុំ​កំពូល​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​ជាង​១១ឆ្នាំ​មក​ហើយ​៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;