៥ឆ្នាំ​ទៀត នឹង​មាន​សណ្ឋាគារ​ក្នុងអវកាស​ជា​លើក​ដំបូង

  • 2018-04-07 06:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Orion Span ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋ​កាលី​ហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បាន​ប្រកាស​ពី​គម្រោង​បង្ហោះ​ស្ថានីយ​អវកាស ដែល​ត្រូវ​បាន​រៀបចំ​ជា​សណ្ឋាគារ សម្រាប់​អ្នក​ចង់​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ទី​អវកាស។ គម្រោង​នេះ ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ក្រុង San Jose សហរដ្ឋ​អាមេរិក។

សណ្ឋាគារអវកាសរបស់ក្រុមហ៊ុន Orion Span (ប្លង់ផ្នែកខាងក្នុង)
តាម​គម្រោង​ ការ​ដាក់​ស្ថានីយ​អវកាស​ជា​សណ្ឋាគារ​ដែល​មាន​ឈ្មោះ​ថា Aurora នេះ នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ឆ្នាំ​២០២១ ហើយ​ក្នុង​រយៈ​ពេល​ប្រហែល ៥​ឆ្នាំ​ទៀត សណ្ឋាគារ​នេះ​នឹង​ទទួល​ភ្ញៀវ​ទី​មួយ​របស់​ខ្លួន​។ ចំពោះ​តម្លៃ​វិញ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា គឺ ៩,៥​លាន​ដុល្លារ​អាមេរិក ដោយ​គិត​ពី​ចាប់ពី​ការ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ និង​ការ​វិលត្រឡប់​មក​វិញ ក្នុង​រយៈ​ពេល ១២​ថ្ងៃ។

ទោះ​ជា​យ៉ាង​ណា ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ទៅ​គេង​នៅ​សណ្ឋាគារ​នេះ នឹង​ត្រូវ​ប្រឈមមុខ​នឹង​បទ​ពិសោធ​ថ្មី គឺ ទំនាញ​ផែនដី​ស្មើ​សូន្យ និង​អាច​ទស្សនា​ទេសភាព​ពី​ខាងលើ និង​ថ្ងៃរះ-ថ្ងៃលិច ដែល​គេ​អាច​មើល​ឃើញ​ជា​មធ្យម ១៦​ដង ក្នុង​១ថ្ងៃ ផង​ដែរ។

សណ្ឋាគារអវកាសរបស់ក្រុមហ៊ុន Orion Span (ប្លង់ផ្នែកខាងក្នុង)

សណ្ឋាគារ Aurora មាន​បណ្ដោយ​ជាង ១៣​ម៉ែត្រ ទទឹង​ជាង ៤ម៉ែត្រ បំពាក់​ដោយ Wifi ល្បឿន​លឿន​។ សណ្ឋាគារ​អវកាស​ដដែល អាច​ផ្ទុក​មនុស្ស​សរុប ៦​នាក់ ពោល​គឺ អ្នកដំណើរ ៤នាក់ និង​បុគ្គលិក​បម្រើ​ការ​របស់​ក្រុមហ៊ុន​ចំនួន ២​នាក់។ ប៉ុន្តែ អ្នក​ដំណើរ​ត្រូវ​ឆ្លង​កាត់​ការ​ហ្វឹកហ្វឺន​ខ្លះៗ នៅ​ទីតាំង​ហ្វឹកហ្វឺន​ដែល​ស្ថិត​នៅ​ក្រុង Houston រដ្ឋ​តិច​សាស​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Orion Span ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Frank Bunger ដែល​បច្ចុប្បន្ន​លោក​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​។

សណ្ឋាគារអវកាសរបស់ក្រុមហ៊ុន Orion Span (ប្លង់ពីខាងក្រៅ)

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ថា ខ្លួន​នឹង​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅ​ក្នុង​ឆ្នាំ​២០២២។ ដំណើរ​កម្សាន្ត​នេះ មាន​តម្លៃ​ខ្ពស់​ជាង​ដំណើរ​កម្សាន្ត​របស់​ក្រុមហ៊ុន​ខាងលើ​ទៅ​ទៀត ដោយ​ភ្ញៀវ​ម្នាក់​ត្រូវ​ចំណាយ​មិន​ក្រោម ៤០​លាន​ដុល្លារ​នោះទេ​ ក្នុង​រយៈពេល​ស្នាក់​នៅ​យ៉ាង​យូរ​ត្រឹម ២​សប្ដាហ៍​៕

សណ្ឋាគារអវកាសរបស់ក្រុមហ៊ុន Orion Span (ប្លង់ពីខាងក្រៅ)

រូបភាព៖ Orion Span

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;