ពលរដ្ឋ​ខេត្ត​កោះកុង ចង់​ឲ្យ​ការ​ទូទាត់​ថ្លៃ​ទឹក-ភ្លើង​ជា​លុយ​រៀល

  • 2018-04-11 02:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ប្រជា​ពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន LYP Group របស់​លោក លី យ៉ុងផាត់ ជួយ​ដោះស្រាយ​បញ្ហា​ទូទាត់​ការ​ចំណាយ​ថ្លៃ​ទឹក និង​អគ្គិសនី​ជា​ប្រាក់​រៀល​ខ្មែរ​វិញ ខណៈ​ពួក​គាត់​រង​ការ​ខូចខាត​ច្រើន​គួរ​សម។

លោក ទឹម សាមឿន និង​អ្នក​ស្រី មិត្ត សុផល ដែល​ជា​ពលរដ្ឋ​នៅ​ទីនោះ បាន​ប្រាប់​ថា ការ​ទូទាត់​ថ្លៃ​ទឹក និង​ភ្លើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ គឺ​ត្រូវ​គិត​ជា​ប្រាក់​បាត (លុយ​ថៃ) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដែល​ទៅ​បង់​ថ្លៃ​ជា​លុយ​រៀល​មាន​ការ​ខាត​បង់។

ប្រជា​ពលរដ្ឋ​នៅ​កោះកុង ប្រាប់​បន្ត​ថា ការ​តម្រូវ​ឲ្យ​បង់​លុយ​បាត​នេះ កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ តាំង​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អគ្គិសនី LYP Group ចាប់​ផ្ដើម​វិនិយោគ​នៅ​ទីនោះ​មក​ម៉្លេះ។

ចំណែក​លោក ឈេង សុវណ្ណដា អភិបាល​ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹង​ថា លោក​ទើប​តែ​ឡើង​កាន់​តំណែង ដូច្នេះ​លោក​ពុំ​ទាន់​មាន​គម្រោង​សុំ​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​នា​ពេល​កន្លង​ទៅ ក្នុង​អាណត្តិ​អភិបាល​ខេត្ត​ចាស់ លោក ប៊ុន លីត ធ្លាប់​ធ្វើ​លិខិត​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ម្ដង​រួច​មក​ហើយ។

ទាក់ទិន​នឹង​ការ​ស្នើ​សុំ​នេះ ក្រុមហ៊ុន LYP Group មិន​ទាន់​មាន​ការ​បកស្រាយ​អ្វី​នៅ​ឡើយ​ទេ។

សូម​រំលឹក​ថា ការ​ស្នើ​សុំ​ឲ្យ​ទូទាត់​ជា​លុយ​ខ្មែរ​របស់​ពលរដ្ឋ​ខេត្ត​កោះកុង ធ្វើ​ឡើង​ក្រោយ​ពី​សម្ដេច​ពិជ័យ​សេនា ទៀត បាញ់ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​បង្ហើប​ពី​បំណង​ចង់​ជួប​លោក លី យ៉ុងផាត់ ដើម្បី​សុំ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ទឹក​ស្អាត និង​អគ្គិសនី កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា​កន្លង​ទៅ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;