ហ្គេម​ទាយ​គូ​ព្រេង​លើ​ហ្វេសប៊ុក អាច​បង្ក​ផល​អាក្រក់​ដល់​ម្ចាស់​គណនី

  • 2018-04-11 07:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 37

ចន្លោះមិនឃើញ

ហ្គេម​ទាយ​គូ​ព្រេង ជា​ប្រភេទ Access Token ដែល​ជា​ផ្ទាំង​បញ្ឆោត​ឲ្យ​អ្នក​ចូល​លេង និង​ជា​វិធីសាស្ត្រ​របស់​ជន​ឱកាស​និយម​​លើ​ហ្វេកប៊ុក ដើម្បី​បន្លំ​លួច​គណនី​​របស់​​​អ្នក​ដោយ​មិន​ដឹង​ខ្លួន។

រូប​តំណាង​ហ្គេម​ទស្សន៍ទាយ

បើ​តាម​លោក អ៊ូ ផាន់​ណារិទ្ធ ជា​សាស្ត្រាចារ្យ​ផ្នែក​បច្ចេកវិទ្យា និង​សុវត្ថិភាព​កុំព្យូទ័រ​អះអាង​ថា ថ្មីៗ​នេះ​គេ​រក​ឃើញ​វិធីសាស្ត្រ​មួយ​ថ្មី​ទៀត​ជា​ហ្គេម​ទស្សន៍​ទាយ​ដែលអាច​ចូល​លួច​គណនី​ហ្វេកប៊ុក​របស់​អ្នក​បាន​។ វិធី​នេះ​ជា​ទូទៅ​ត្រូវ​គេ​ហៅ​ថា "Phishing"។

ជា​ឧទាហរណ៍ នៅ​ពេល​អ្នក​លេង នោះ​វា​ទាម​ទារ​ឲ្យ​ភ្ជាប់​ជាមួយ​គណនី​​ហ្វេកប៊ុក ដែល​គេ​ហៅ​ថា Access Token។ ​វា​​ជា​ល្បិច​បញ្ឆោត​ឲ្យ​បញ្ចូល​ឈ្មោះ និង​ពាក្យ​សម្ងាត់​ដោយ​ប្រយោល។ និយាយ​ឲ្យ​ខ្លី អ្នក​ប្រគល់ទាំង Username/Password នោះ​ឲ្យ​គេ​ដោយ​ខ្លួន​ឯង។

វិធី Phishing មាន​ច្រើន​បែប ច្រើន​សណ្ឋាន តែ​លោក​ អ៊ូ ផាន់​ណារិទ្ធ លើក​យក​តែ​ចំណុច​មួយ​យក​មក​​បក​ស្រាយ​ប៉ុណ្ណោះ​គឺ ការ​លេង​ហ្គេម​កម្សាន្ត​ទាយ​អាយុ ទាយ​គូ​ព្រេង ឬ​ទាញ​អ្វី​ផ្សេងៗ​ដែល​ជា​ប្រធាន​បទ​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ពិភព​សន្តិសុខ​បច្ចេកវិទ្យា សូម្បី​តែ​អ្នក​ប្រើ​ហ្វេកប៊ុក​ជាង ៥០ លាន​គណនី ដែល​គេ​លួច​យក ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង គឺ​លួច​បាន​តាម​រយៈ​វិធី​លេង​ហ្គេម​ទស្សន៍ទាយ។

រូប​តំណាង​ហ្គេម​ទស្សន៍ទាយ

#តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជៀសវាង?

ដើម្បី​ការពារ​ជា​មុន​ ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​​វេបសាយ​ទាំងនេះ ថា​តើ​មាន​ប្រភព​ច្បាស់លាស់​ឬ​ទេ? តើ​ក្រុមហ៊ុន​ណា​ជា​អ្នក​បង្កើត​វា?

#ដំណោះស្រាយ

បើ​សិន​ជា​ចៃដន្យ អ្នក​បាន​លេង​ហ្គេម​ទាំង​នេះ ប្រញាប់​ចូល​ទៅ​ប្តូរ​ពាក្យ​សម្ងាត់(Password) ជា​បន្ទាន់​។ ដោយ​ចូល​ទៅ Setting => App រួច​ស្វែង​រក​មើល App ណា​ដែល​គួរ​ឲ្យ​សង្ស័យ ហើយ​ remove វា​ចេញ មុន​និង​អ្វីៗ​ត្រូវ​ចប់៕


អត្ថបទ៖ រក្សា