កីឡាករ​អាស៊ី​រូបណា បាន​ទៅ​លេង​នៅ​ក្លឹប​អឺរ៉ុប​មុន​គេ ក្នុង​ប្រវត្តិសាស្រ្ដ​បាល់ទាត់?

  • 2018-04-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​អាច​នឹង​ភ្ញាក់ផ្អើល​ នៅ​ពេល​ដឹង​ថា​កីឡាករ​អាស៊ី​​ទី​១​ ដែល​បាន​ទៅ​លេង​នៅ​ទ្វីប​អឺរ៉ុប​​ មិន​មែន​ជា​​កីឡាករ​មក​ពី​កូរ៉េ ជប៉ុន ឬ​ប្រទេស​ខ្លាំង​ខាង​បាល់ទាត់​​ប្រចាំ​អាស៊ី​នោះទេ ប៉ុន្តែ​ជា​កីឡាករ​​ហ្វីលីពីន​ ដែល​មាន​ឈ្មោះ​ថា Paulino Alcantara។

តើ Paulino Alcantara មាន​ប្រវត្តិ​បែប​ណា?

Paulino Alcantara មាន​សញ្ជាតិ​២​ គឺ​ ហ្វីលីពីន និង​អេស្ប៉ាញ ដោយ​សារ​ ម្ដាយ​ជា​ជនជាតិ​ហ្វីលីពីន និង​ឪពុក​​ជនជាតិ​អេស្ប៉ាញ។ ក្លិប​នៅ​អឺរ៉ុប​ដែល​ Alcantara លេង​ស្ទើរ​ពេញ​មួយ​អាជីព​គឺ​ FC Barcelona។ មិន​ត្រឹម​តែ​មាន​ឈ្មោះ​ក្នុង​ប្រវត្តិ​បាល់ទាត់ ​ថា​ជា​ជនជាតិ​អាស៊ី​ទី​មួយ​ដែល​ទៅ​លេង​អឺរ៉ុប​​នោះ​ទេ Alcantara ក៏​ជា​វីរបុរស​ម្នាក់​របស់ Barcelona ផង​ដែរ ពោល​គឺ​ជា​កីឡាករ​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លិប​នេះ។ កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៀត ​ឈ្មោះ​របស់​លោក​ត្រូវ​បាន​គេ​កត់​ត្រា​ទុក​ថា​ជា​​វីរបុរស​បាល់ទាត់​ម្នាក់​ប្រចាំ​ទ្វីប​អាស៊ី​ទៀតផង។

ផ្លាស់​ប្ដូរ​វាសនា​ក្រោយ​ចេញ​ពី​​ហ្វីលីពីន ទៅ​អេស្ប៉ាញ​ អាយុ​៣ឆ្នាំ

បើ​គ្រួសារ​របស់ Alcantara មិន​ប្ដូរ​ទី​លំនៅ​ពី​ហ្វីលីពីន ទៅ​អេស្ប៉ាញ​​ទេ​នោះ ប្រហែល​​លោក​គ្មាន​វាសនា​ក្លាយ​ជា​កីឡាករ​បាល់ទាត់​​ដ៏​ល្បី​នៅ​អឺរ៉ុប​នោះ​ទេ។ កើត​​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​១៨៩៦ កុមារា​ដែល​មាន​ឈ្មោះ​ពេញ​ថា Paulino Alcantara Riestra បាន​ចាកចេញ​ពី​ហ្វីលីពីន​​ទៅ​ទីក្រុង​បាសេឡូណា ប្រទេស​​អេស្ប៉ាញ​តាម​ឪពុក​ម្ដាយ​ តាំង​ពី​​​​អាយុ​ ៣ឆ្នាំ។

ឆ្នាំ​ដែល​ Alcantara ជាន់​ទីក្រុង​បាសេឡូណា​នោះ​ហើយ ដែល​ក្លិប​បាល់ទាត់ Barcelona ត្រូវ​បាន​បង្កើត​ឡើង ពោល​គឺ​ឆ្នាំ​១៨៩៩។ ​ចាប់​ផ្ដើម​ហាត់​បាល់​នៅ​​ក្នុង​ក្រុម FC Galeno យុវជន​ Alcantara បាន​ផ្ទេរ​ទៅ​លេង​នៅ Barcelona ក្នុង​វ័យ​១៥ឆ្នាំ។ ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​​ដំបូង​​​​នោះ Alcantara បាន​ស៊ុត​ចូល​ទី​៣​គ្រាប់​ដំបូង ក្នុង​ជំនួប​ដែល​ Barcelona ឈ្នះ Catala SC ៩-០ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ១៩១២។ ការ​ស៊ុត​បញ្ចូល​ទី​នោះ បាន​ធ្វើ​ឲ្យ Alcantara ជាប់​កំណត់ត្រា​ជា​កីឡាករ​ Barcelona ក្មេង​ជាង​គេ​បំផុត​ដែល​អាច​ស៊ុត​បញ្ចូល​ទី​ការ​ប្រកួត​ផ្លូវការ (អាយុ ១៥ឆ្នាំ ៤ខែ​ ១៨ថ្ងៃ)។

ផ្លាស់​ទៅ​ទឹក​ដី​កំណើត​វិញ​ ពេល​កំពុង​ល្បី

ក្រោយ​ជួយ​ឲ្យ Barca លើក​ពាន Copa del Rey និង​ពាន Campionat de Catalunya រួច​មក Alcantara បាន​ផ្លាស់​ពី​អេស្ប៉ាញ ទៅ​​ហ្វីលីពីន​វិញ​ក្នុង​ឆ្នាំ​១៩១៦ តាម​ឪពុក​ម្ដាយ​របស់​ខ្លួន។ ក្រៅ​ពី​បន្ត​ការ​សិក្សា​ជំនាញ​ឱសថសាស្រ្ដ​ ​លោក​​បាន​ចូល​លេង​បាល់​ឲ្យ​ក្លិប Bohemian Sporting Club។ រយៈ​ពេល​ត្រឹម​២ឆ្នាំ Alcantara បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន​ Philippine Championship ២ដង​ គឺ​ក្នុង​ឆ្នាំ​១៩១៧ និង​១៩១៨។ ឆ្នាំ​១៩១៧ លោក​ត្រូវ​បាន​ជ្រើស​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​ ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ Far Eastern Championship Games នៅ​ទីក្រុង​តូក្យូ។ ក្នុង​ពេល​នោះ​ហើយ ដែល Alcantara ជួយ​ឲ្យ​ហ្វីលីពីន បំបាក់​ជប៉ុន ១៥-២ ជា​កំណត់ត្រា​ពិន្ទុ​ឈ្នះ​ច្រើន​បំផុត​របស់​ហ្វីលីពីន គិត​មក​ទល់​សព្វថ្ងៃ។

Barcelona ​ធ្លាក់​ចុះ​ខ្លាំង​ ហៅ​ Alcantara មក​លេង​វិញ

រយៈ​ពេល​ដែល​មិន​មាន​វត្តមាន Alcantara ក្លិប Barcelona មិន​​បាន​លើក​ពាន​ណា​មួយ​នោះ​ទេ។ ដោយមាន​ការ​យល់​ព្រម​ពី​ឪពុក​ម្ដាយ លោក​បាន​ផ្លាស់​ទៅ​អេស្ប៉ាញ​វិញ​ ក្នុង​ឆ្នាំ​១៩១៨។

ប្ដូរ​ពី​ឲ្យ​លេង​ខ្សែ​ប្រយុទ្ធ មក​ខ្សែ​ការពារ​មិន​ជោគជ័យ

ពេល​ចូល​លេង​ឲ្យ Barca សាជាថ្មី គ្រូ​បង្វឹក​ក្លិប​នេះ​បាន​ឲ្យ Alcantara ប្ដូរ​ពី​លេង​ខ្សែ​ប្រយុទ្ធ​ មក​​លេង​ជា​ខ្សែ​ការពារ​វិញ។ ការ​លេង​ក្នុង​តួនាទី​ថ្មី​នេះ​មិន​ជោគជ័យ ទើប​លោក​បាន​វិល​មក​លេង​តំណែង​ដើម​វិញ។ ឆ្នាំ​១៩១៩ លោក​​បាន​ជួយ​ឲ្យ Barcelona លើក​ពាន Campionat de Catalunya ម្ដង​ទៀត។ ឆ្នាំ​១៩២០ Alcantara បាន​ស៊ុត​ចូល​២គ្រាប់ ឲ្យ​ Barca ឈ្នះ​ Athletic Bilbao ២-០ ​ដើម្បី​លើកពាន Copa del Rey ជា​ថ្មី បូក​រួម​ទាំង​​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន Campionat de Catalunya ​ផង​ដែរ​ក្នុង​ឆ្នាំ​ដដែល​នោះ។

ជាប់​ប្រលង​ពេទ្យ ចោល​ក្រុម​ជម្រើស​ជាតិ

ក្រោយ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​នៅ​ឆ្នាំ​១៩១៧ Alcantara ក៏​ត្រូវ​បាន​ជ្រើស​ចូល​​​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ផង​ដែរ​ នៅ​ព្រឹត្តិការណ៍​កីឡា​​អូឡាំពិក ឆ្នាំ​១៩២០។ ប៉ុន្តែ​ដោយ​សារ​ចំ​ថ្ងៃ​ប្រលង​បញ្ចប់​ជំនាញ​ឱសថសាស្ត្រ Alcantara បាន​បដិសេធ​មិន​ចូល​រួម​ប្រកួត។ នៅ​ឆ្នាំ​១៩២១ ទើប​លោក​ចូល​លេង​លើក​ដំបូង​ឲ្យ​អេស្ប៉ាញ ក្នុង​វ័យ​២៥ឆ្នាំ ដោយ​ស៊ុត​ចូល​២គ្រាប់​ឲ្យ​អេស្ប៉ាញ ឈ្នះ​បែលហ្សិក ២-០។

ស៊ុត​ធ្លុះ​សំណាញ់​ទី ទទួល​រហស្សនាម​ The Net Breaker

នៅឆ្នាំ​១៩២២ Alcantara បាន​ទទួល​រហស្សនាម El Rompe Redes ដែល​មាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា The Net Breaker ក្រោយ​រូប​លោក​បាន​ស៊ុត​ធ្លុះ​សំណាញ់​ទី​ ពេល​ប្រកួត​ទល់​នឹង​ក្រុម​បារាំង។

ចូល​និវត្តន៍​ពី​បាល់ទាត់​ ដើម្បី​ជ្រើស​យក​អាជីព​ជា​វេជ្ជបណ្ឌិត

Alcantara បាន​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​១៩២៧ ក្នុង​វ័យ​៣១ឆ្នាំ ដើម្បី​ចាប់​ផ្ដើម​អាជីព​ជា​វេជ្ជបណ្ឌិត។ ក្នុង​ថ្ងៃ​ប្រកាស​ចូល​និវត្តន៍​នោះ ក្លិប Barcelona បាន​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​អេស្ប៉ាញ ដើម្បី​ផ្ដល់​ជា​កិត្តិយស​ដល់​លោក។

ក្លាយ​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​រយៈ​ពេល​ខ្លី

នៅ ​ឆ្នាំ​១៩៥១ Alcantara ត្រូវ​បាន​ជ្រើសរើស​​ជា​​គ្រូ​បង្វឹក​អេស្ប៉ាញ​ ប៉ុន្តែ​ដឹក​នាំ​បាន​តែ​៣ប្រកួត​ប៉ុណ្ណោះ ពោល​គឺ​ពេល​អេស្ប៉ាញ​ប៉ះ​ស្វីស បែលហ្សិក និង​ស៊ុយអែត។ បី​ប្រកួត​នោះ អេស្ប៉ាញ​ឈ្នះ​១ និង​ស្មើ​២។

​Alcantara បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៦៤ ក្នុង​វ័យ៦៧ឆ្នាំ​ នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ។ ស្នាដៃ​របស់​លោក​ក្នុង​អាជីព​បាល់ទាត់ រួម​មាន ឈ្នះ​ពាន Pyrenees Cup ២ដង ពាន Copa del Rey ៥ដង ពាន Campionat de Catalunya ១០ដង និង​ពាន​ Philippines Championship ២ដង។ អ្វី​ដែល​មិន​អាច​ធ្វើ​ឲ្យ​គេ​បំភ្លេច​បាន គឺ Alcantara បាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​ ៣៦៩គ្រាប់​ ក្នុង​៣៥៧ប្រកួត​ឲ្យ​ក្រុម​ Barcelona (ទាំង​​ប្រកួត​មិត្តភាព ​និង​​ប្រកួត​ផ្លូវការ) ជា​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ​ក្លិប​របស់​អេស្ប៉ាញ​មួយ​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​​​ឆ្នាំ មុន​ពេល Lionel Messi បំបែក​បាន​​​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤​​៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;