ចិន គ្រោង​ចំណាយ​១០០លាន​ដុល្លារ វិនិយោគ​វារី​វប្បកម្ម​ទឹកសាប និង​ទឹកប្រៃ​ទំនើប នៅ​កម្ពុជា

  • 2018-04-12 01:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចិន JinYuTang Aquaculture គ្រោងនឹង​ចំណាយ ១០០លានដុល្លារ​វិនិយោគ​វារីវប្បកម្ម​ទឹកសាប និង​ទឹកប្រៃ​ទំនើប នៅ​ក្នុង​ប្រទេស​កម្ពុជា។ តំណាង​ក្រុមហ៊ុន បាន​បង្ហាញ​ពី​គម្រោង​នេះ ទៅកាន់​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ជំនួប​ពិភាក្សា​គ្នា១ កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង។

តំណាងក្រុមហ៊ុន JinYuTang Aquaculture ក្នុងជំនួបពិភាក្សាជាមួយលោក វេង សាខុន នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ រូបថត៖ ហ្វេសប៊ុកក្រសួងកសិកម្ម
ក្រុមហ៊ុន​នេះ មាន​បំណង​វិនិយោគ​គម្រោង​វារី​វប្បកម្ម​លើ​ផ្ទៃដី ២៤០​ហិចតា ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​បឹងព្រាវ និង​ឃុំ​ស្រែ​អំបិល ស្រុកស្រែ​អំបិល ខេត្ត​កោះកុង និង​គម្រោង​ចិញ្ចឹម​និង​ភ្ញាស់​នៅក្នុង​សមុទ្រ​ទឹកជ្រៅ ទំហំ​២ពាន់​ហិចតា ស្ថិតនៅ​តំបន់​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ។ ការ​វិនិយោគ​នេះ នឹង​ផ្តល់​ឱកាស​ការងារ​បាន​ចំនួន ៤៣០​នាក់។

ក្រសួង​កសិកម្ម​បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​នេះ​មាន​គោលដៅ​ផ្គត់ផ្គង់ ចែកចាយ និង​ស្រាវជ្រាវ​ផ្នែក​វារីវប្បកម្ម​នៅកម្ពុជា តាម​លក្ខណៈ​ស្តង់ដារ​បរទេស។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​បញ្ចប់​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​នៅ​កម្ពុជា បន្ទាប់មក​ក្រុមហ៊ុន​នឹង​រៀបចំ​ផែនការ​មេ ហើយ​គ្រោង​ដាក់​ស្នើ​ជូនទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;