ដូណាល់ ត្រាំ៖ ទំនាក់​ទំនង អាមេរិក-រុស្ស៊ី កំពុង​អាក្រក់​ជាង​សម័យ​សង្គ្រាម​ត្រជាក់​ទៅ​ទៀត

  • 2018-04-12 03:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ទី១២ ខែ​មេសា ២០១៨​នេះ បាន​បញ្ជាក់​តាម​រយៈ Twitter របស់​លោក​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី កំពុង​អាក្រក់​ជាង​ពេល​ណា​ទាំង​អស់ រួម​ទាំង​អាក្រក់​ជាង​សម័យ​សង្រ្គាម​ត្រជាក់​ទៅ​ទៀត​។ ប៉ុន្ដែ​លោក ត្រាំ ថា ពុំ​មាន​មូលហេតុ​សម្រាប់​ទំនាក់ទំនង​អាក្រក់​នេះ​ឡើយ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក
ការ​បញ្ជាក់​ដូច្នេះ គឺ​ក្រោយ​លោក ត្រាំ កាលពី​ថ្ងៃ​ទី១១ មេសា ២០១៨ ម្សិលមិញ បាន​ប្រកាស​ប្រាប់​ប្រទេស​រុស្ស៊ី​ថា សហរដ្ឋអាមេរិក​នឹង​ប្រើ​កម្លាំង​យោធា​វាយ​ប្រហារ​ប្រទេស​ស៊ីរី ដែល​ជា​សម្ព័ន្ធ​មិត្ត​មួយ​របស់​ប្រទេស​រុស្ស៊ី ក្រោយ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​រង​ការ​ចោទប្រកាន់​ថា បាន​ប្រើប្រាស់​ឧស្ម័ន​សម្លាប់​ជន​ស៊ីវិល​រាប់​សិន​នាក់។

ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​នោះ ប្រទេស​រុស្ស៊ី​បាន​ប្រាប់ទៅ​​សហរដ្ឋអាមេរិក​វិញ​ថា រុស្ស៊ី​នឹង​បាញ់​ស្ទាក់​មីស៊ីល​អាមេរិក​ទាំង​អស់ ដែល​បាញ់​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ស៊ីរី។

លោក វ៉្លាឌឺមៀ​ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក

សូម​បញ្ជាក់​ថា ទោះ​ជា​មុន​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក លោក ត្រាំ ធ្លាប់​បាន​សរសើរ និង​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក ពូទីន និង​ប្រទេស​រុស្ស៊ី ក៏ដោយ ប៉ុន្ដែ​ក្រោយ​ពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ហើយ លោក ត្រាំ គឺ​មិន​ខុស​ពី​ប្រធានាធិបតី​អាមេរិក​មុនៗ​ទេ គឺ​ការ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​លោក ពូទីន និង​ប្រទេស​រុស្ស៊ី ត្រូវ​ទទួល​បរាជ័យ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;