មាន​តែ​ប័រ​១ដើម អាច​រក​ចំណូល​បាន​ជិត ២​ពាន់​ដុល្លារ​ក្នុង​១ឆ្នាំ

  • 2018-04-17 00:55:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ផ្លែ​ប័រ គឺ​ជា​ដំណាំ​លក្ខណៈ​គ្រួសារ​ម៉្យាង​ដែល​មាន​ការ​ពេញ​និយម​ដាំ​នៅ​ក្នុង​ខេត្ត​រតនគីរី បន្ទាប់​ពី​ដំណាំ​ស្វាយចន្ទី តាង៉ែន និង​ទុរេន ជា​ដើម។ ចំណូល​ពី​ប័រ​១​ដើម គឺ​អាច​រក​បាន​ចន្លោះ​ពី ៤​លាន​រៀល ទៅ​៥​លាន​រៀល ក្នុង​១​ឆ្នាំៗ។​

ដើម​ប័រ/​ រូបភាព៖ រស្មី​កម្ពុជា

​លោក ​សយ សូ​ណា ប្រធាន​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​រតនគីរី ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១១​ខែ​មេសា​​នេះ​ថា ដំណាំ​ប័រ​នៅ​ខេត្ត​រតនគីរី​ដែល​ប្រជាពលរដ្ឋ​ដាំ​មាន​ចំនួន​សរុប​​ជិត​ ១០០​ហិកតា។ លោក​ប្រធាន​មន្ទីរ​ បាន​ឲ្យ​ដឹង​ទៀត​ថា ប័រ​ឆ្នាំនេះ​មាន​ផ្កា​ច្រើន តែ​ផ្លែ​មិនសូវ​កាន់​ទេ​ដោយសារ​ខ្វះ​ទឹកភ្លៀង​កក់ខែ ហើយ​ដំណាំ​ប័រ​ត្រូវការ​ទឹក​ច្រើន​ទើប​ចេញ​ផ្លែ​ល្អ។ ទោះជា​យ៉ាងណា​តម្លៃ​របស់​វា​បាន​ថ្លៃ​គឺ​ពី ១​ម៉ឺន​រៀល ​ទៅ​ ១៥០០០​រៀល ក្នុង​១​គីឡូក្រាម ។

លោក សយ សូណា បញ្ជាក់​ថា សម្រាប់​ប័រ​១​ដើម​ កសិករ​អាច​រក​ចំណូល​បាន​ពី ៤​លាន​ដល់ ៧​លាន​រៀល​ក្នុង​១​ឆ្នាំ ។ ដំណាំ​ប័រ​ពូជ​ថ្មី អាច​ចេញ​ផ្លែ​នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​បន្ទាប់ពី​ការ​ដាក់​ដាំ។ ផ្លែ​ប័រ​ត្រូវ​បាន​គេ​ប្រមូល​ទិញ​យក​ទៅ​ភ្នំពេញ​អស់​គ្មាន​សល់​។ ប័រ​ចេញ​ផ្លែ​បណ្ដាក់​គ្នា​តាំង​ពី​ខែ​មករា​រហូតដល់​ខែ​មេសា ហើយ​ក៏​មាន​ចេញ​ផ្លែ​ខុស​រដូវ​ផង​ដែរ។

លោក​ សយ សូ​ណា បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ប័រ​នៅ​ខេត្ត​រតនគីរី អាច​ប្រមូល​បាន​ដល់​រាប់ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​ឯណោះ។ ទីផ្សារ​នៅ​ក្រុងភ្នំពេញ​សព្វថ្ងៃ​ត្រូវការ​ផ្លែ​ប័រ​ច្រើន ។ ដំណាំ​ហូប​ផ្លែ​នៅ​ខេត្ត​រតនគីរី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​ដាំដុះ​ច្រើន ដូចជា​ប័រ ទុរេន​ស្វាយ​តៃវ៉ាន់ តាងែន ដាំ​បាន​ដល់​ជាង​៣០០​ហិកតា៕


ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឈាង.