លោក ពូទីន បង្ហាញ​អាវុធ​នុយក្លេអ៊ែរ ៦​ប្រភេទ នៅ​ឆ្នាំ២០១៨​នេះ

  • 2018-04-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី វ្លាឌឺមៀ ពូទីន កាលពី​ដើម​ខែ​មីនា ២០១៨ បាន​ថ្លែង​ប្រចាំ​ឆ្នាំ ទៅ​កាន់​ប្រជាជាតិ​របស់​លោក ព្រម​ទាំង​បាន​បង្ហាញ​ពី​សព្វាវុធ​យុទ្ធសាស្រ្ត​ការពារ​ជាតិ​ផង​ដែរ។ ក្នុង​នោះ អ្វី​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ផង និង​ព្រួយបារម្ភ​ផង ពី​ការ​ថ្លែង​របស់​បុរស​ខ្លាំង​រុស្ស៊ី គឺ​ការ​បង្ហាញ​ពី​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ទាំង​លើ​គោក ក្នុង​ទឹក និង​លើ​អាកាស ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ គឺ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​ប្រើ​កាំរស្មី​ឡាស៊ែរ។

អាវុធ​នុយក្លេអ៊ែរ​ទំនើប​ចុងក្រោយ​ទាំង៦ របស់​រុស្ស៊ី៖

១- មីស៊ីល​អន្តរទ្វីប Sarmat

ក្នុង​ការ​ថ្លែង​ប្រចាំ​ឆ្នាំ លោក ពូទីន បញ្ជាក់​ថា មីស៊ីល​អន្ដរទ្វីប Sarmat ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម ដោយ​បង្កើន​ចម្ងាយ​បាញ់​គ្មាន​ដែន​កំណត់។ លោក ពូទីន ថា មីស៊ីល​ប្រភេទ​នេះ អាច​បាញ់​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក ហើយ​អាច​ហោះ​គេច​ចេញ​ពី​ប្រព័ន្ធ​ការពារ​មីស៊ីល​រាប់​សិប ដែល​ដំឡើង​នៅ​រដ្ឋ​អាឡាស្កា របស់​អាមេរិក​បាន។ មីស៊ីល​ដែល​ទើប​អភិវឌ្ឍ​ថ្មី​នេះ អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន២០។

២- មីស៊ីល​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង Kinzhal

Kinzhal គឺ​ជា​ប្រភេទ​មីស៊ីល​ដែល​បាញ់​ចេញ​ពី​ដែន​អាកាស ដោយ​មាន​ល្បឿន​លឿន​ជាង​សំឡេង​ចំនួន ១០​ដង ហើយ​អាច​បាញ់​បាន​ចម្ងាយ​រហូត​ដល់ ២០០០​គីឡូម៉ែត្រ។ តាម​វីដេអូ ដែល​បាន​បង្ហាញ​ក្នុង​ពិធី​ថ្លែង​ប្រចាំ​ឆ្នាំ​នោះ មីស៊ីល​ប្រភេទ​នេះ ត្រូវ​បាន​បាញ់​ចេញ​ពី​យន្តហោះ​ចម្បាំង ហើយ​ហោះ​គេច​ចេញ​ពី​ប្រព័ន្ធ​ការពារ​មីស៊ីល​បាន​ទៀត។

៣- មីស៊ីល​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង Avangard

Avangard គឺ​ជា​ប្រភេទ​មីស៊ីល​ដែល​អាច​ហោះ​ក្នុង​បរិយាកាស ដោយ​ល្បឿន​លឿន​ជាង​សំឡេង​រហូត​ដល់ ២០​ដង។ មីស៊ីល​ប្រភេទ​នេះ កំពុង​ត្រូវ​បាន​អភិវឌ្ឍ ហើយ​មិន​ទាន់​ត្រូវ​បាន​បាញ់​សាកល្បង​នៅ​ឡើយ​ទេ។

៤- មីស៊ីល​នុយក្លេអ៊ែរ​ដែល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក (មិន​ទាន់​ដាក់​ឈ្មោះ)

មីស៊ីល​នុយក្លេអ៊ែរ​ដែល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​នេះ ក៏​ត្រូវ​បាន​លោក ពូទីន បង្ហាញ​ក្នុង​វីដេអូ នៅ​ក្នុង​ពិធី​ថ្លែង​ប្រចាំ​ឆ្នាំ​របស់​លោក កាលពី​ខែ​មីនា ២០១៨ កន្លង​ទៅ​ផង​ដែរ។ មីស៊ីល​ប្រភេទ​នេះ អាច​បាញ់​បាន​ចម្ងាយ​ដោយ​គ្មាន​ដែន​កំណត់។

៥- កូន​នាវា​មុជ​ទឹក​ដំណើរការ​ដោយ​ថាមពល​នុយក្លេអ៊ែរ (Underwater Drone)

កូន​នាវា​មុជ​ទឹក​ដែល​ដំណើរការ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នេះ អាច​មុជ​ទឹក​បាន​យ៉ាង​ជ្រៅ និង​មាន​ល្បឿន​លឿន​ជាង​នាវា​មុជ​ទឹក និង​នាវា​ចម្បាំង ទៅ​ទៀត។ រុស្ស៊ី​បញ្ជាក់​ថា កូន​នាវា​មុជ​ទឹក​នេះ មាន​សមត្ថភាព​វាយ​ប្រហារ​ក្រុម​នាវា​ដឹក​យន្តហោះ​របស់​សត្រូវ និង​ប្រព័ន្ធ​ការពារ​ទាំង​អស់​នៅ​លើ​ពិភពលោក។

៦- ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដោយ​កាំរស្មី​ឡាស៊ែរ

សព្វាវុធ​ចុងក្រោយ​ដែល​លោក ពូទីន បាន​បង្ហាញ​ក្នុង​ពិធី​ថ្លែង​ប្រចាំ​ឆ្នាំ គឺ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដោយ​កាំរស្មី​ឡាស៊ែរ។ ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដោយ​កាំរស្មី​ឡាស៊ែរ​នេះ ត្រូវ​បាន​ដំឡើង​កាលពី​ឆ្នាំ២០១៧ កន្លង​ទៅ៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;