រឿង៥​យ៉ាង​ដែល​គេ​គួរ​ដឹង បើអា​មេរិក បាញ់​មីស៊ីល​ដាក់​ស៊ីរី

  • 2018-04-12 08:03:46
  • ចំនួនមតិ

ចន្លោះមិនឃើញ

អាមេរិក​ បាន​គំរាម​បាញ់​មីស៊ីល​ដាក់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​ក្រោយ​ពី​មាន​ការ​វាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​គីមី​ទៅ​លើ​ក្រុម​បះបោរ​នៅ​ក្រុង Douma កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។

ខាងក្រោម​នេះ ជា​រឿង ៥​យ៉ាង​គេ​គួរ​តែ​ដឹង​៖

អាមេរិកបាញ់មីស៊ីល Tomahawk ចំនួន ៥៩គ្រាប់ដាក់ស៊ីរី កាលពីឆ្នាំមុន ក្រោយចោទរដ្ឋាភិបាលស៊ីរីថាបាន ប្រើអាវុធគីមី (រូបភាព៖ Reuters)

តើ​អាមេរិក នឹង​ប្រើប្រាស់​មីស៊ីល​ប្រភេទ​ណា?

លោក Lawrence Korb អតីត​ជំនួយ​ការ​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ថ្លែង​ថា យោធា​អាមេរិក នឹង​បាញ់​មីស៊ីល​ប្រភេទ Tomahawk ដែល​អាមេរិក​ធ្លាប់​ប្រើប្រាស់​នៅ​ស៊ីរី កាលពី​ឆ្នាំ​ទៅ ដោយ​បាញ់​ទៅ​លើ​ខេត្ត Idlib ចំនួន ៥៩​គ្រាប់។

តើ​ទីតាំង​ណា ដែល​ជា​គោលដៅ​របស់​អាមេរិក?

អាមេរិក ទំនង​ជា​វាយប្រហារ​ទៅ​លើ​ទី​បញ្ជាការ​កងទ័ព​ស៊ីរី ដែល​អាមេរិក​ជឿ​ថា មាន​លាក់​ទុក​នូវ​អាវុធ​គីមី។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Fuad Shahbazov អ្នក​ជំនាញ​យោធា និង​សន្តិសុខ នៅ​ប្រទេស Azerbaijan ​។

តើ​គោល​បំណង​នៃ​ការ​វាយប្រហារ​នេះ គឺ​ជា​អ្វី?

ការ​វាយ​ប្រហារ​មីស៊ីល​របស់​អាមេរិក ជា​ការ​ទប់​ស្កាត់ និង​បញ្ឈប់​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​គីមី។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Korb ។

តើ រុស្ស៊ី នឹង​ឆ្លើយ​តប​ដោយ​របៀប​ណា?

លោក Shahbazov បាន​អះអាង​ថា ទីក្រុង​មូស្គូ​ ដែល​កំពុង​មាន​វត្តមាន​កងទ័ព​ខ្លួន​នៅ​ស៊ីរី នឹង​ឆ្លើយ​តប​ជាមួយ​អាមេរិក​តាម​មធ្យោបាយ​នានា ក្នុង​នោះ ក៏​មាន​ការ​វាយបក​ដោយ​គ្រាប់​មីស៊ីល ទៅ​លើ​កងទ័ព​អាមេរិក​វិញ​ផង​ដែរ។ ចំណែក​លោក Korb បាន​មាន​ប្រសាសន៍​ថា រុស្ស៊ី​នឹង​ថ្កោលទោស​អាមេរិក​។

តើ​រុស្ស៊ី​មាន​ប្រព័ន្ធ​ប្រឆាំង​គ្រាប់​មីស៊ីល​ប្រភេទ​ណា នៅ​ស៊ីរី? ហើយ​វា​អាច​កម្ទេច​មីស៊ីល​អាមេរិក​បាន​ដែរ​ឬ​ទេ?

លោក Shahbazov បាន​បន្ត​ថា រុស្ស៊ី​មាន​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល S300 Gladiator ដែល​ទីក្រុង​មូស្គូ​បាន​បញ្ជូន​ទៅ​ស៊ីរី កាល​ពី​ចុង​ឆ្នាំ២០១៦។ ចំណែក លោក Korb បាន​និយាយ​ថា រុស្ស៊ី ប្រហែល​ជា​មិន​អាច​បាញ់​ស្ទាក់​ដើម្បី​កម្ទេច​មីស៊ីល​អាមេរិក បាន​ឡើយ៕

ទីក្រុង Douma ដែលជាទីតាំងរបស់ក្រុមបះបោរ រងការវាយប្រហារពីកងកម្លាំងរដ្ឋាភិបាលស៊ីរី នាពេលថ្មីៗកន្លងទៅ

ចុចអានបន្ត រុស្ស៊ី​ ព្រមាន​បាញ់​ស្ទាក់​ដើម្បីកម្ទេច​មីស៊ីល​អាមេរិក​​ដែល​ហោះ​តម្រង់​ទៅ​ស៊ីរី


ប្រភព៖ Aljazeera ប្រែ​សម្រួល៖ លាភ.