Man City កាន់​តែ​ជិត​លើក​ពាន​ ក្រោយ​ឈ្នះ Spurs យប់មិញ

  • 2018-04-14 23:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester City ត្រូវ​ការ​ឈ្នះ​តែ​១ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​អាច​ក្លាយ​ជា​ម្ចាស់​ជើងឯក​លីគ​កំពូល​អង់គ្លេស English Premier League ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Tottenham Hotspur ៣-១ កាលពី​យប់មិញនេះ (វីដេអូ​ហាយឡាយ មាន​នៅ​ផ្នែក​ខាងក្រោម​នៃ​អត្ថបទ)។

កាន់តែ​ពិសេស​ជាងនេះ គឺ​ក្រុម​លោក Pep Guardiola នឹង​អាច​ឈ្នះ​ជើងឯក​ដោយ​ស្វ័យ​ប្រវត្តិ​តែម្ដង ពោល​គឺ​មិន​ចាំ​បាច់​ឈ្នះ​១ប្រកួត​ទៀត​នោះទេ ក្នុង​ករណី​ក្រុម​លេខ២ Manchester United ប្រកួត​ចាញ់ West Brom យប់នេះ ឬ​ចាញ់ Bournemouth នាយប់​ថ្ងៃ​ពុធ។ បើសិន​ជា Man Utd អាចឈ្នះ​ទាំង ២ប្រកួតនោះ Man City ក៏ទំនង​ជា​មិន​ពិបាក​នោះដែរ ដោយសារ​ប្រកួត​បន្ទាប់​របស់​ខ្លួន គឺ​ប៉ះ​ក្រុម Swansea ដែល​កំពុង​តែត្រដាបត្រដួស ក្បែរ​តំបន់​បាត​តារាង នាថ្ងៃ​ទី២២ ខែមេសា។

ងាក​មក​និយាយ​ពី​ការ​ប្រកួត​យប់មិញ​វិញ។ Man City ដែល​ទើប​ធ្លាក់​ចេញ​ពី Champions League បាន​ស្ដារ​មុខមាត់​វិញក្នុង​ប្រកួត​ទល់​នឹង Spurs ដោយ​ចាប់​ផ្ដើម​សម្រុក​តាំង​ពី​ដើម​តង់​ទី១​។ ខ្សែ​ប្រយុទ្ធ​វ័យក្មេង Gabriel Jesus បាន​ស៊ុត​បំបែក​ពងមាន់នៅ​នាទី ២២ មុន​ពេល Ilkay Gundogan បន្ថែម​គ្រាប់​ទី២ នៅ​៣នាទី​បន្ទាប់ ដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ។ ឈាន​ដល់​ចុង​តង់ទី១ នាទី ៤២ Christian Eriksen បាន​ស៊ុត​ឲ្យ Spurs តាម​ពីក្រោយ​ ២-១។ ឈាន​ចូល​តង់ទី២ Spurs ហាក់​លេង​ល្អ​ជាង​តង់ទី១ ដោយ​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ Man City ម្ដង​ជា​២ដង ប៉ុន្តែ​អ្វីៗ ត្រូវ​ចប់ នៅ​ពេល Raheem Sterling ស៊ុត​គ្រាប់​ទី៣ នៅ​នាទី ៧២។

បរាជ័យ​នេះ ធ្វើ​ឲ្យ Tottenham នៅ​តែ​បន្ត​ឈរ​លេខ៤ ដោយ​មាន ៦៧ពិន្ទុ​ក្នុង ៣៣ប្រកួត ចាញ់​ក្រុម​លេខ ៣ Liverpool ចំនួន ៣ពិន្ទុ និង​ឈ្នះ​ក្រុម​លេខ Chelsea ចំនួន ៧ពិន្ទុ។ ចំណែក Man City មាន ៨៧ពិន្ទុ ដាច់​ក្រុម​លេខ២ Man Utd ចំនួន ១៦ពិន្ទុ៕

ទស្សនា​វីដេអូ​ខាងក្រោម៖

រូបភាព៖ Reuters

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;