ដឹង​ហើយ​អំពី​ចំនួន​កង​កម្លាំង​ត្រៀម​ការពារ​សន្តិសុខ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ!

  • 2018-04-19 01:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចម្រុះ​ចំនួន ៨​ម៉ឺន​នាក់ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការពារ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ។ ក្នុង​នោះ ក៏​មាន​ការ​ប្រើ​កម្លាំង​ប្រជា​ការពារ​នៅ​តាម​ឃុំ សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ ប្រមាណ​ជាង ២​ម៉ឺន​នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨​មេសា។

លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​បន្ថែម​ថា ទន្ទឹម​នឹង​ការ​ត្រៀម​កម្លាំង​នេះ​ផង​ដែរ ក៏​មាន​ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​ស្ដី​ពី​ច្បាប់ បទ​បញ្ជា និង​នីតិវិធី ក៏​ដូចជា​ក្រម​សីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​របស់​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត រយៈពេល ៣​ថ្ងៃ នៅ​អគ្គស្នងការ​នគរបាល​ជាតិ។ វគ្គ​បណ្ដុះ​បណ្ដាល​នេះ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៨។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្លាប់​បាន​ឲ្យ​ដឹង​ថា ការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​រយៈពេល ២១​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា។ ចំណែក​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;