តើ​អរិភាព​ពាណិជ្ជកម្ម ចិន-អាមេរិក វិវត្ត​ដល់​ណា​ហើយ?

  • 2018-04-19 08:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន និង​សហរដ្ឋអាមេរិក បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​លើ​បញ្ហា​ពាណិជ្ជកម្ម ដែល​បាន​ផ្ទុះ​ឡើង​នៅ​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៨។ បញ្ហា​នេះ ដំបូង​ផ្ដើម​ពី​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ដំឡើង​ពន្ធ​លើ​ផ្ទាំង​កញ្ចក់​សូឡា បន្ទាប់​មក​ទៀត ដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម និង​ចុងក្រោយ បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ដែល​មាន​ទំហំ​ដល់ ៦០​ពាន់​លាន​ដុល្លារ។ ចំណែក​ប្រទេស​ចិន​វិញ ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ បាន​សម្រេច​ដំឡើង​ពន្ធ​ចំនួន ២៥% លើ​ទំនិញ​នាំចូល​របស់​សហរដ្ឋអាមេរិក​ចំនួន ១២៨​មុខ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣​ពាន់​លាន​ដុល្លារ។

លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន (ឆ្វេង) និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក
នៅ​ថ្ងៃ​ទី១៩ ខែ​មេសា ២០១៨នេះ ខាង​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​មក​បញ្ជាក់​ថា ប្រទេស​ចិន និង​ប្រទេស​អាមេរិក​មិន​ទាន់​បាន​ចាប់ផ្ដើម​ការ​ចរចា​គ្នា​ណាមួយ​នៅ​ឡើយ​ទេ លើ​បញ្ហា​អរិភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​នោះ លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ចិន​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ហើយ សម្រាប់​ការ​ចរចា​លើ​ទំនិញ​នាំចូល​របស់​ចិន​ទៅ​អាមេរិក ប៉ុន្តែ​ការ​ឆ្លើយតប​នោះ ជា​នីតិវិធី​ប៉ុណ្ណោះ។

អាមេរិក​បាន​ប្រាប់​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា អាមេរិក​យល់ព្រម​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន ប៉ុន្ដែ​អាមេរិក​បាន​ភ្ជាប់​មូលហេតុ​សន្តិសុខ​ជាតិ​សម្រាប់​ពន្ធ​លើ​លោហៈ​ធាតុ ហើយ​បាន​លើក​ឡើង​ថា យន្តការ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មិន​អាច​ដោះស្រាយ​បញ្ហា​បាន​នោះ​ទេ។

លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន ក៏​បាន​បញ្ជាក់​ដែរ​ថា ចិន​បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​ទប់ទល់​នឹង​ផល​អវិជ្ជមាន​ពី​អរិភាព​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ហើយ​ចិន​សង្ឃឹម​ថា អាមេរិក​នឹង​មិន​មើល​រំលង​ក្រុង​ប៉េកាំង ដែល​នឹង​ធ្វើការ​ឆ្លើយ​តប​ទៅ​អាមេរិក​វិញ។ អ្នក​នាំ​ពាក្យ​ដដែល​នេះ បញ្ជាក់​ថា ប្រសិន​បើ​ភាគី​អាមេរិក​នៅ​តែ​បន្ដ​អនុវត្ត​គោល​នយោបាយ​គាំពារ​និយម និង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន និង​អាមេរិក ប្រទេស​ចិន​នឹង​ធ្វើការ​ប្រឆាំង​អាមេរិក​វិញ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;