តួកគី​ប្ដេជ្ញា​ជំរុញ​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា​ទាល់​តែ​បាន ដើម្បី...

  • 2018-04-20 02:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី អេយដា អុងលូ ឯក​អគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​អាណត្តិ​ការងារ​នៅ​កម្ពុជា លោក​ស្រី​នឹង​ជំរុញ​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ឲ្យ​ទាល់តែ​បាន ដើម្បី​ផ្លាស់​ប្ដូរ​ចរន្ត​ភ្ញៀវ​ទេសចរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ស្រី អេយដា អុងលូ និង​លោក ថោង ខុន/ រូបភាព៖ ក្រសួង​ទេសចរណ៍
ការ​លើក​ឡើង​របស់​លោក​ស្រី​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជា​មួយ​លោក ថោង ខុន រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍។ នៅ​ក្នុង​ជំនួប​នេះ​ដែរ លោក ថោង ខុន បាន​ស្នើ​ឲ្យ​ភាគី​តួកគី​ ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា តួ​យ៉ាង​ដូចជា​ការ​វិនិយោគ​លើ​ការ​បង្កើត​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​ជា​ដើម។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ប្រាប់​លោក​ស្រី​ឯក​អគ្គរដ្ឋទូត​តួកគី​អំពី​តំបន់​ទេសចរណ៍​ជា​ច្រើន​នៅ​កម្ពុជា ដូចជា ប្រាសាទ​អង្គរ​វត្ត ប្រាសាទ​ព្រះ​វិហារ ប្រាសាទ​សំបូរព្រៃគុក តំបន់​ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍​ព្រៃ​កោងកាង អារ៉ែង និង​ភូមិ​ភាគ​ឦសាន​ជា​ដើម។ លោក​ក៏​បាន​គោរព​អញ្ជើញ​លោក​ជំទាវឯក​អគ្គរដ្ឋទូត ទៅ​ទស្សនា​តំបន់​ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍​​នៅ​កម្ពុជា​ផង​ដែរ។

យន្តហោះ​តួកគី/ រូបភាព៖ opodo

សូម​ជម្រាបថា ជើង​ហោះហើរត្រង់​ដែល​ប្រទេស​តួកគី​កំពុង​ហោះហើរ​នេះ មាន​ចំនួន ១១៩​ប្រទេស ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​​ប្រមាណ ២៥០​ទី​ក្រុង ក្នុង​នោះ​នៅ​តំបន់​អាស៊ាន មាន​ប្រទេស​ថៃ សិង្ហបុរី ម៉ាឡេ​ស៊ី វៀត​ណាម ហ្វីលីពីន និង​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;