ទីតាំង​អយស្ទ័រ​ដ៏ធំ​១​កន្លែង​នៅខេត្ត​កំពត អាច​លក់​បាន​ជិត២ម៉ឺន​គ្រាប់​ក្នុង​១ថ្ងៃ

  • 2018-04-22 07:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១. អ្នកស្រី សុខ លីម អាយុ​៣៩ឆ្នាំ ជាអ្នក​លក់​អយស្ទ័រ​មុនគេ នៅភូមិ​ព្រែក​អំពិល ឃុំ​កោះតូច ស្រុក​ទឹកឈូ ខេត្ត​កំពត។ អ្នកស្រី​ចាប់ផ្តើម​របរ​នេះ​នៅឆ្នាំ ២០០៨ បន្ទាប់ពី​មាន​ជនជាតិ​អូស្ត្រាលី​ម្នាក់​ប្រាប់​អ្នកស្រី​ថា ខ្យង​សមុទ្រ​ប្រភេទ​នេះ​មាន​រសជាតិ​ឆ្ងាញ់ និង​អាច​ញ៉ាំឆៅ​បាន។ ដំបូង​ឡើយ អ្នកស្រី​លក់​អយស្ទ័រ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ដោយសារ​ពលរដ្ឋខ្មែរ​ភាគច្រើន​មិនទាន់​ស្គាល់​នៅឡើយ។

២. កម្មករ​របស់​អ្នកស្រី សុខ លីម កំពុង​ត្រៀមខ្លួន​មុជទឹក​ចុះទៅ​នេសាទ​អយស្ទ័រ។ សម្ភារៈ​ដែល​អ្នក​មុជទឹក​នាំយក​ទៅ​មាន ដុំថ្ម​តូចៗ​សម្រាប់​ពាក់​ជុំវិញ​ចង្កេះ (ពាក់​ដើម្បី​កុំឱ្យ​អណ្តែត​ទឹក) កូន​ពូថៅ វ៉ែនតា និង​ត្រូវ​បៀម​ទុយយោ​ខ្យល់​ទៅ​ជាមួយ។ ដើម្បី​ទៅដល់​កន្លែង​ដែលមាន​អយស្ទ័រ គេត្រូវ​ជិះ​ទូក​រយៈពេល​ពី​២ម៉ោង ទៅ៣​ម៉ោង ទៅ​កណ្តាល​សមុទ្រ​ហើយ​ត្រូវ​មុជ​ទឹក​ក្នុង​ជម្រៅ​ពី ៤ម៉ែត្រ​ទៅ​៨ម៉ែត្រ។

៣. ការ​នេសាទ​អយស្ទ័រ ធ្វើឡើង​ស្ទើរ​ពេញ​មួយថ្ងៃ។ កម្មករ​ចេញទៅ​សមុទ្រ​នៅពេល​ព្រឹក​ព្រលឹម​ស្រាងៗ ហើយ​ត្រឡប់​មកវិញ​នៅម៉ោង ២ ឬ ៣ រសៀល។ ក្នុងមួយ​ទូក​គេអាច​រក​បាន​ពី ៦ ទៅ ៧ពាន់​គ្រាប់។ នៅក្នុង​រូបនេះ កម្មករ​នេសាទ កំពុង​បើក​ទូក​ដឹក​អយស្ទ័រ​ត្រឡប់​មក​ច្រាំង​វិញ។

៤. អយស្ទ័រ​ដែល​នេសាទ​បាន​ហើយ ត្រូវ​សម្អាត​សម្បក ​និង​ពុស​វាជាពីរ ដោយ​យកតែ​ផ្នែក​ដែល​ជាប់នឹង​សាច់​តែ​ប៉ុណ្ណោះ។ បន្ទាប់​មក គេ​ត្រូវ​យក​ទៅលាង​ទឹក​សម្អាត​ឱ្យស្អាត​ល្អ មុននឹង​ច្រក​ស្បោង។ នៅក្នុង​រូបនេះ កម្មករ​អ្នកស្រី សុខ លីម ប្រើកូន​កាំបិត​វាយ​បំបែក​កំណក​ថ្ម​ដែល​ជាប់​នឹង​សម្បក​អយស្ទ័រ ហើយ​ពុស​វាជាពីរ។

៥. លាងទឹក​រួចហើយ គេចែក​ចំណាត់ថ្នាក់​អយស្ទ័រ និង​ចាប់ផ្តើម​ច្រកវា​ចូល​ស្បោង​ប្លាស្ទិក។ បន្ទាប់មក​គេ​រាប់​អយស្ទ័រ​តាម​ចំនួន​កំណត់​ហើយ​ដាក់ចូល​ទៅក្នុង​ធុង​ស្នោរ​ក្លាសេ រួច​ផ្ញើ​ទៅឱ្យ​អតិថិជន​នៅតាម​រាជធានី​និង​ខេត្ត។ ក្នុងមួយ​ថ្ងៃៗ​អ្នកស្រី សុខ លីម លក់​អយស្ទ័រ​បានពី ១​ម៉ឺន ទៅ២ម៉ឺន​គ្រាប់។ ហើយ​បច្ចុប្បន្ន អ្នកស្រី មាន​កម្មករ​ជាង​៦០នាក់ ដើម្បី​ជួយ​ធ្វើ​ការងារ​ទាំងអស់​នេះ​ឱ្យ​អ្នកស្រី៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;