រោងចក្រ​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅ​​ស្វាយរលំ ត្រូវ​បើកដំណើរការ​ធម្មតា​វិញ

  • 2018-04-25 04:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​ផលិត​ភេសជ្ជៈ​ប៉ូវកម្លាំង B-Smart ដែលស្ថិត​នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានបើក​ដំណើរការ​ធម្មតា​ឡើងវិញ ដោយសារ​តែ​រោងចក្រនោះ​ មានច្បាប់អនុញ្ញាត​ត្រឹមត្រូវ ពោល​គឺ​មាន​កំហុស​តែ​រឿង​បញ្ហា​អនាម័យ​ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក​ឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពី​ថ្ងៃទី២៤ ខែមេសា។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី២០ ខែមេសា ប៉ូលិស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ត្រួត​ពិនិត្យ​រោងចក្រ​ផលិត​ភេសជ្ជៈ​ប៉ូវកម្លាំងខាងលើ (ចុចអាន) ដោយ​ព័ត៌មាន​បឋម​បញ្ជាក់ថា រោងចក្រ​នោះ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ផលិត​​ភេសជ្ជៈ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។ យ៉ាងណាក្ដី តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន នៅ​ថ្ងៃ​ទី២៤ ខែមេសា គឺ​រោងចក្រ​នោះ មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

លោក​ឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន បាន​បន្ត​ទៀត​ថា ទាក់ទង​បញ្ហា​​អនាម័យ គឺខាង​មន្រ្ដី​ជំនាញ បានធ្វើការ​អប់រំ និង​ឲ្យម្ចាស់​រោងចក្រ​ធ្វើកិច្ច​សន្យា។

លោក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានឲ្យដឹងថា ​រោងចក្រខាងលើ បាន​ផលិតភេសជ្ជៈជាច្រើនប្រភេទ ដូចជា B-Smart Grean Tea Honey Strawberry Energy Drink បៃតង Energy Drink ខៀវ ជាដើម។ យោងតាមការសម្របសម្រួលរបស់លោក ហេង ផេង ព្រះរាជ​អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានតម្រូវឲ្យម្ចាស់រោងចក្រធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងអនាម័យត្រឹមត្រូវ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;