វិភាគ៥ចំណុច ដែល Bayern មានប្រៀបលើ Real Madrid ក្នុងការជួបគ្នាយប់នេះ
- 2018-04-25 12:46:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ៥ចំណុច ដែល Bayern មានប្រៀបលើ Real Madrid ក្នុងការជួបគ្នាយប់នេះ
ចន្លោះមិនឃើញ
Bayern Munich នឹងបើកទ្វារកីឡដ្ឋាន Allianz Arena របស់ខ្លួននៅម៉ោង១:៤៥នាទី ឈានចូលថ្ងៃទី២៦មេសា (ម៉ោងនៅកម្ពុជា) ដើម្បីស្វាគមន៍ Real Madrid ក្នុងការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទីមួយ ពានរង្វាន់ Champions League ។
Real Madrid គឺជាបងធំនៅពានរង្វាន់ទ្វីបអឺរ៉ុប។ ជាក់ស្ដែងក្រុមនេះ លើកពាន១២ដង ជាពិសេសឈ្នះរហូត ៣ដងនៅ៤ឆ្នាំចុងក្រោយ។ Bayern គឺជាក្រុមខ្លាំង ប៉ុន្តែបើមើលលើប្រវត្តិជួបគ្នាកន្លងមកទល់នឹង Real Madrid ពួកគេធ្វើមិនសូវបានល្អនោះទេ។
ក្រុមជើងឯកអាល្លឺម៉ង់បានទម្លាក់ Real វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយបាល់ប៉េណាល់ទីកាលពីរដូវកាល ២០១១-១២ តែបន្ទាប់មកពួកគេចាញ់រហូត (ធ្លាក់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២០១៣-១៤ និង វគ្គ៨ក្រុម ២០១៦-១៧)។ យ៉ាងណា មូលហេតុ៥ចំណុចនេះ បង្ហាញថា Bayern អាចបានប្រៀបលើ Real Madrid៖
១. កំណត់ត្រាដ៏រឹងមាំក្នុងទឹកដីរបស់ Bayern
Allianz Arena គឺជាបន្ទាយដ៏រឹងមាំរបស់ Bayern Munich និងជាឋាននរកសម្រាប់ក្រុមដែលទៅលេងនៅទីនោះ។ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧មក Bayern មិនដែលចាញ់ក្នុងទឹកដីឡើយ ថែមទាំងស៊ុតចូល១១គ្រាប់នៅ២ប្រកួតចុងក្រោយទៀតផង។
២. យុទ្ធសាស្ត្រគ្រូតា Jupp Heynckes
កាលពីដើមរដូវកាល Bayern បានធ្លាក់ទម្រង់លេងខ្លាំងនៅ Bundesliga ថែមទាំងចាញ់ Paris Saint-Germain ធ្ងន់.កនៅ Champions League ដែលធ្វើឲ្យក្លឹបបណ្ដេញលោក Carlo Ancelotti និងយកលោក Heynckes មកជំនួសវិញ។ ដូចឃើញស្រាប់ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ូនិច បានរីកចម្រើនយ៉ាងរហ័សដោយលើកពានលីគលីគកំពូល និងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ។
៣. ការពឹងផ្អែកតែលើ Ronaldo
Real Madrid នៅរដូវកាលនេះពឹងផ្អែកច្រើនលើ Ronaldo ។ ជាក់ស្ដែងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ស៊ុតចូល១៥គ្រាប់នៅ Champions league និង៤៣គ្រាប់ គិតលើគ្រប់កម្មវិធី។ ងាកទៅមើលកីឡាករផ្សេងៗវិញដូចជា Benzema រកបានតែ២គ្រាប់ប៉ុណ្ណោះ ហើយ Bale បាន១៤គ្រាប់។ ដូច្នេះបើ Bayern បិទ Ronaldo ជាប់ Real អាចមានបញ្ហា។
៤. ការឡើងជើងរបស់ Javi Martinez
Martinez គឺជាកម្លាំងមិនអាចខ្វះបានរបស់គ្រូបង្វឹក Bayern Munich ។ ខ្សែបម្រើការពារសញ្ជាតិអេស្ប៉ាញ នឹងមានភារកិច្ចចាប់ Isco របស់ Real , ជួយជ្រោមជ្រែងតំបន់បម្រើ និងចុះទៅការពារពេល Real Madrid វាយសម្រុក។ លោក Heynckes ត្រូវការកីឡាករប្រភេទនេះជួយក្រុមដូចឆ្នាំដែលពួកគេឈ្នះ UEFA Champions League លើកចុងក្រោយ។
៥. ទម្រង់លេងក្រឡាប់ចាក់របស់ Real Madrid
Real Madrid គឺជាជើងខ្លាំងនៅ Champions League តែនៅ La Liga និង Copa del Rey វិញ ក្រុមនេះមានទម្រង់លេងប្រែប្រួលម្ដងខ្លាំងម្ដងខ្សោយ។ ដូច្នេះបើ Bayern Munich អាចចាប់ចំណុចខ្សោយការលេងពានក្នុងស្រុករបស់លោក Zidane អ្នកចាត់ការ Real បាន ពួកគេនឹងមានសង្ឃឹមច្រើននៅជើងទីមួយនេះ៕