កូន​ស្រី​ឈិន ឡុង ធ្លាក់​ខ្លួន​ដេក​ក្រោម​ស្ពាន ព្រោះ​ឪពុកម្ដាយ​ជា​មនុស្ស​រើសអើង

  • 2018-04-30 09:12:01
  • ចំនួនមតិ 5 | ចំនួនចែករំលែក 210

ចន្លោះមិនឃើញ

តារា​ក្បាច់គុន ដែល​ជា​កូន​ស្រី​របស់​កំពូល​តារា​​សម្ដែង​ចិន​លោក ឈិន ឡុង បាន​ប្រកាស​ប្រាប់​សាធារណជន​ថា នាង​ក្លាយ​ជា​ក្មេង​កំព្រា​គ្មាន​ផ្ទះ​សម្បែង​ជ្រក​អាស្រ័យ​ដូច​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​តែ​នាង​មាន​ឪពុក​ម្ដាយ​ជា​មនុស្ស​រើសអើង​នឹង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។

Andi Autumn និង Etta Ng/ រូបភាព៖ Instagram (@stolenmilktea)

កូន​ស្រី​ដែល​ត្រូវ ឈិន ឡុង កាត់កាល់​ចោល​ឈ្មោះ Etta Ng បាន​បង្ហោះ​វីដេអូ​នៅ​លើ YouTube កាល​ពី​សប្ដាហ៍​មុន​ជាមួយ​នឹង​មិត្ត​ស្រី​របស់​ខ្លួន​ឈ្មោះ Andi Autumn ដែល​ជា​តារា​បណ្ដាញ​សង្គម​ម្នាក់។ ពួក​គេ​ទាំង​២​នាក់​បាន​ប្រកាស​ស្វែង​រក​ជំនួយ​ពី​សហគមន៍​អនឡាញ។ "យើង​អត់​មាន​ផ្ទះ​សម្បែង​រស់នៅ​អស់​រយៈពេល​១​ខែ​មក​ហើយ ដោយសារ​តែ​ឪពុក​ម្ដាយ​ជា​អ្នក​រើសអើង​នឹង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ ភាគ​ច្រើន​គឺ​ពួក​យើង​ដេក​នៅ​ក្រោម​ស្ពាន" នេះ​ជា​ការ​លើក​ឡើង​របស់ Etta Ng និង Andi។

ពួក​គេ​បាន​បន្ត​ថា៖ "ពួក​យើង​បាន​ទៅ​រក​ប៉ូលិស។ ពួក​យើង​បាន​ទៅ​មន្ទីរ​ពេទ្យ ធនាគារ​ផ្គត់ផ្គង់​អាហារ សហគមន៍​ជម្រក LGBTQ ហើយ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​មិន​ជួយ​យើង​ទេ។ ដូច្នេះ​ហើយ​ទើប​យើង​កំពុង​ធ្វើ​វីដេអូ​នេះ ព្រោះ​ពួក​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​នៅ​ដំណាក់កាល​នេះ​ឡើយ"។

តារា​សម្ដែង Jackie Chan ហៅ ឈិន ឡុង/ រូបភាព៖ Reuters

គួរ​រំលឹក​ថា Etta Ng គឺ​ជា​កូន​ស្រី​របស់​តារា​សម្ដែង ឈិន ឡុង និង​តារា​ស្រី​ហុងកុង​ឈ្មោះ Elaine Ng ដែល​មិន​បាន​រៀបការ​ស្រប​ច្បាប់។ កាល​ពី​ឆ្នាំ​២០១៥ Etta Ng បាន​ប្រាប់​សារព័ត៌មាន Express ថា ឪពុក​របស់​នាង​មិន​ស្ថិត​នៅ​ក្នុង​ជីវិត​នាង​ឡើយ បើ​ទោះ​ជា​ជាប់​សាច់​ឈាម​នឹង​គ្នា​ក៏​ដោយ៕


ប្រភព៖ Asiancorrespondent ប្រែ​សម្រួល៖ ឈាង.