ផ្លូវជាតិ​ចំនួន​២ នឹង​ត្រូវ​បើក​ការដ្ឋាន​ពង្រីក​ដល់​ ៤គន្លងជាផ្លូវការ​ ក្នុងខែ​ឧសភា​នេះ

  • 2018-05-06 07:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវជាតិ​លេខ៣ និង​កំណាត់​ផ្លូវជាតិ​លេខ៥ នឹង​ត្រូវ​បើក​ការដ្ឋាន​ពង្រីក​ពី​២គន្លង ទៅ​៤គន្លង នៅក្នុង​ឧសភា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ផ្លូវជាតិលេខ៣ ថតពីលើអាកាសកាលពីខែកក្កដា ឆ្នាំ​២០១៧។ រូបថត៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន
បើតាម​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​បណ្តោះ​អាសន្ន​រថភ្លើង​ដឹកអ្នកដំណើរពីសិរីសោភ័ណ-បាត់ដំបង កាលពីសប្តាហ៍មុន ឱ្យដឹងថា ផ្លូវ​ជាតិ​លេខ៣ ពី​ចោមចៅ​ទៅខេត្ត​កំពត នឹង​ត្រូវ​បើក​ការដ្ឋាន​ពង្រីក​ជាផ្លូវការ​នៅថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨។

សូម​បញ្ជាក់​ថា គម្រោង​ពង្រីក​ផ្លូវ​ជាតិ​លេខ៣​នេះ គឺត្រូវ​បាន​បែងចែក​ជា​២កំណាត់ គឺ​កំណាត់​ផ្លូវ​ចោមចៅ-បែកគូស នឹង​ត្រូវ​ពង្រីក​ពី២ គន្លង​ទៅ៤​គន្លង (២ទៅ ២មក) និង​កំណាត់​ផ្លូវ​បែកគូស-កំពត នឹងត្រូវ​ពង្រីក​ទទឹង​ផ្លូវ​បន្ថែម ប៉ុន្តែ​មាន ២គន្លង​ដដែល។

ចំណែក​កំណាត់​ផ្លូវជាតិ​លេខ៥ នឹង​ត្រូវ​បើក​ការដ្ឋាន​ពង្រីក​នៅថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ផងដែរ។ ការ​ពង្រីក​ផ្លូវនេះ គឺចាប់​ពី​ចំណុច​ព្រែកក្តាម ខេត្ត​កណ្តាល ទៅធ្លាម្អម ខេត្ត​ពោធិ៍សាត់ ពី​២គន្លង ទៅ៤​គន្លង ប្រវែង​ជាង ១៣៥​គីឡូម៉ែត្រ៕

ផ្លូវជាតិលេខ៥ នៅចំណុច១ក្នុងខេត្តកំពង់ឆ្នាំង កំពុងត្រូវបានជួសជុល កាលពីខែកញ្ញា ឆ្នាំ២០១៧។ រូបថត៖ វិបសាយ CPP

អត្ថបទ៖ សំភី

អត្ថបទថ្មី
;