ជីវិត​អ្នក​បើកទូក និង​នាំភ្ញៀវ ទៅលេង​ជ្រោះ​សុភមិត្រ ដែល​អ្នក​មិនដឹង

  • 2018-05-06 08:42:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពី​បាន​ចូល​វគ្គបណ្ដុះបណ្ដាល​មគ្គុទេសក៍​ទេសចរណ៍មក ឈឹម ប៊ុនហេន វ័យ ៣៦ឆ្នាំ បាន​ក្លាយ​ជា​អ្នក​នាំភ្ញៀវ​ផង និង​ បើក​ទូក​ដឹកភ្ញៀវ​ទេសចរ​ផង។ តើ​ ប៊ុនហេន ជានរណា ? ឆ្លើយ​តប​នឹង​សំណួរ​នេះ ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​ បាន​សម្ភាសន៍ និង​ផ្ដិត​រូបភាព​ស្អាតៗ អំពី​ជីវិត​អ្នកនាំភ្ញៀវ និង​បើក​ទូក​ របស់​ប៊ុនហេន ដូចខាងក្រោម​៖

១. ឈឹម ប៊ុន​ហេន អាយុ ៣៦​ឆ្នាំ ជា​អ្នក​បើក​ទូក​ដឹក​ភ្ញៀវ នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង។ ប៊ុន​ហេន ចាប់​ផ្ដើម​បើក​ទូក​ដឹក​ភ្ញៀវ តាំង​ពី​ឆ្នាំ ​២០១២ មក​ម៉្លេះ។

២. ប៊ុន​ហេន កំពុង​បើក​ទូក​ដឹក​ភ្ញៀវ​ទៅ​មើល​ផ្សោត​នៅ​អន្លង់​ផ្សោត​ព្រះ​រំកិល តាម​ដង​ទន្លេ​មេគង្គ។ ដោយ​ពេញ​ចិត្ត​នឹង​ការ​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត នៅ​ឆ្នាំ ២០១៣ ប៊ុន​ហេន បាន​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍។ ហើយ​នៅ​ឆ្នាំ ២០១៦ គេ​ក៏​សម្រេច​ចិត្ត​ទិញ​ទូក ដឹក​ភ្ញៀវ​ដោយ​ខ្លួន​ឯង​។

៣. ប៊ុន​ហេន កំពុង​រៀប​រាប់​ប្រាប់​ភ្ញៀវ អំពី​ព័ត៌មាន​មួយ​ចំនួន​នៅ​ជ្រោះ​សុភមិត្រ។ ក្រៅពី​បើក​ទូក​ដឹក​ភ្ញៀវ ប៊ុនហេន អាច​នាំ​ភ្ញៀវ​ដើរ​ព្រៃ ឡើង​ភ្នំ រៀប​ចំ​ការ​បោះ​តង់ ជួយ​រក​ផ្ទះ​ស្នាក់ និង ជូន​ភ្ញៀវ​ទៅ​លេង​ប្រទេស​ឡាវ បាន​ផ​ង​ដែរ​។

៤. នេះ​ជា​ផ្នែក​មួយ​នៃ តំបន់​ព្រៃ​លិច​ទឹក រ៉ាំ​សា  ដែល​ប៊ុន​ហេន ឧស្សាហ៍​នាំ​ភ្ញៀវ​មក​អុំ​ទូក​កា​យ៉ាក ឬ ទស្សនា​ប្ញសឈើ​ធំៗ​នៅ​ទី​នេះ។ តំបន់​រ៉ាំសា គឺ​ជា​តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិក​តា។

៥. នេះ​ជា​ផ្នែក​មួយ​នៃ​ជ្រោះ​សុភមិត្រ ដែល​នៅ​ជាប់​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ និង​ស្ទឹង​ត្រែង និង​ជាប់​ព្រំដែន​ប្រទេស​ឡាវ។ បើ​ធ្វើ​ដំណើរ​ចេញ​ពី សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល មធ្យោបាយ​ ២​យ៉ាង ដែល​ប៊ុន​ហេន នាំ​ភ្ញៀវ​មក​ទី​នេះ គឺ​តាម​ទូក និង តាម​ម៉ូតូ​ឌុប​៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;