រយៈពេល​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ ទៅ​កំពត

  • 2018-05-07 04:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ (ចោមចៅ) ទៅក្រុង​កំពត ប្រវែង១៣៤​គីឡូម៉ែត្រ នឹង​ត្រូវ​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤៨​ខែ។ នេះ​បើតាម​ការថ្លែង​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បើក​ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣ នាព្រឹក​ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ​២០១៨នេះ។

លោក​បាន​ឱ្យដឹង​ថា ការ​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ៣​នេះ គឺ​អនុវត្ត​ដោយ​ក្រុមហ៊ុនសាជីវកម្ម​ស្ពាន និងថ្នល់​ចិន China Road and Bridge Corporation និង​ត្រួតពិនិត្យ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​ទីផ្សារ​បច្ចេកទេស​សំណង់​ក្វាងចូវវ៉ានអាន។

រូបគំរូនៃការពង្រីកផ្លូវជាតិលេខ៣ (រូបថត៖ FB សម្តេច ហ៊ុន សែន)
ទោះ​ជា​យ៉ាងណា សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ជា​ធម្មតា​ក្រុមហ៊ុន​ចិន តែងតែ​កំណត់​រយៈពេល​វែង​ក្នុងការ​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា ប៉ុន្តែ​សុទ្ធតែ​បាន​ធ្វើ​រួចរាល់​មុនកាល​កំណត់។

គួរ​បញ្ជាក់​ថា គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៣ នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ២១៩​លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពីរដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។

គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់ផ្លូវ​ជាតិ​លេខ៣ គឺ​ចាប់ពី​រាជធានី​ភ្នំពេញ (ចោមចៅ) ដល់ក្រុង​កំពត ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង ១២​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ១១​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ ប្រវែង ៣០​គីឡូម៉ែត្រ ខេត្ត​តាកែវ ប្រវែង ៣០​គីឡូម៉ែត្រ និង​ខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

ការ​ពង្រីក​ផ្លូវនេះ​គឺ​ត្រូវបាន​បែងចែក​ជា ២កំណាត់ គឺពី​ចោមចៅ-បែកគូស និង​បែកគូស-ក្រុង​កំពត។ ផ្លូវពី​ចោមចៅ ទៅ​បែកគូស ​ក្នុង​ខេត្តតាកែវ ប្រវែង​ ៦៤,៩០គីឡូម៉ែត្រ នឹងត្រូវ​ពង្រីក ២គន្លង​ទៅ ៤គន្លង (២ទៅ ២មក) និង​មាន​សួន​កណ្តាល។ ចំណែក​កំណាត់​ផ្លូវពី​បែកគូស ទៅក្រុង​កំពត ប្រវែង​ជាង ៦៤គីឡូម៉ែត្រ​ នឹង​ត្រូវ​ពង្រីក​តួផ្លូវ​ដល់ ១២​ម៉ែត្រ ដោយមាន ២គន្លង​ផ្លូវ​ដដែល (១ទៅ ១មក)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;