ពលរដ្ឋ​នៅ​ប៉ោយប៉ែត រិះគន់​​រឿង​អក្សរចិន-ថៃ លេច​ព្រោងព្រាត​លើ​ស្លាក​យីហោ​ហាង​ តែ​អាជ្ញាធរ​តបថា...

  • 2018-05-15 03:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​រិះគន់ ​ការដាក់​ស្លាក​យីហោ​ហាង​នានា​ជា​អក្សរ​ចិន​ ឬ អក្សរ​ថៃ​ ក្នុង​ទំហំ​ធំៗ ​នៅ​ពីលើ​អក្សរ​ខ្មែរ ឬ​ជួនកាល​សរសេរ​អក្សរ​ចិន ឬ ថៃសុទ្ធ ដោយ​អត់​ដាក់​​​អ​ក្ស​រ​ខ្មែរ​​តែម្តង​ក៏មាន។ មន្រ្ដី​បាន​​​ឆ្លើយ​តប​វិញ​ថា ករណី​នេះ អាជ្ញាធរ​បាន​ចុះ​អប់រំ ណែនាំ​​មួយដង​ជា​ពីរ​ដង​ហើយ តែ​ម្ចាស់​​ស្លាក​យីហោ​​ទាំងនោះ មិន​ស្តាប់ មិន​អនុវត្តតាម។​

​ស្លាក​ទាំងនោះ ដូចជា​ហាង​អាហារ ផ្ទះសំណាក់ សណ្ឋាគារ ហាង​កាហ្វេ ហាង​អ៊ី​ន​ធឺ​ណែ​ត និង​បៀរ​ហ្គា​ដិ​ន ជាដើម។ ភាគច្រើន​នៃ​ហាង​ទាំងនោះ គឺ​ស្ថិត​នៅ​ “​តំបន់​ប្លុក​កាស៊ីណូ និង​តាម​មាត់​អូរ​ព្រំដែន​​កម្ពុជា ថៃ​” នៅក្នុង​កាស៊ីណូ​ក្នុងភូមិ​ក្បាលស្ពាន​១​ នៅ​ម្តុំ​ផ្លូវ​ផ្សារ​ដើម​ពុទ្រា និង​ជិត​ផ្សារ​ប៉ោយប៉ែត​ថ្មី និង​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​បាលី​លេ​យ្យ​១ បាលី​លេ​យ្យ​២ ភូមិ​ប៉ោយប៉ែ​ត នៃ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ធ្លាប់​និយាយ​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ និង​សម្ពោធ​ទីស្នាក់ការ​សមាគម​ពាណិជ្ជកម្ម​ចិន-កម្ពុជា ​នៅ​ក្រុង​ប៉ោយប៉ែត​ថា អាជ្ញាធរ​បាន​ណែនាំ ហាមឃាត់​ជនជាតិ​ចិន​ដែល​ប្រព្រឹត្តល្មើស​ ឬ​ធ្វើ​ស្លាក​យីហោ​ខ្លួន​ជា​អក្សរ​ចិន គ្មាន​អក្សរ​ខ្មែរ​ ប៉ុន្តែ​ពេល​មាន​ករណី​មានការ​រិះគន់ នាពេលនេះ អាជ្ញាធរ​បាន​ចុះ​ណែនាំ​ហើយ​ តែ​ម្ចាស់​កន្លែង​នៅ​មិនទាន់​អនុវត្តតាម​។​

​ចំពោះ​លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ដែរថា តាមច្បាប់​មួយ​របស់​ក្រសួងទេសចរណ៍ បាន​ចែងថា រាល់​ស្លាក​សញ្ញា យីហោ ទាំងឡាយ ឲ្យ​សេ​សេរ​អក្សរ​ខ្មែរ​ជួរ​ខាងលើ ហើយ​ធំៗ​។ បន្ទាប់មក​សរសេរ​អក្សរ​អង់គ្លេស​ពីក្រោម ហើយ​តូច​ជាង​ពាក់កណ្តាល និង​ទើប​អាច​សរសេរ​អក្សរ​បរទេស​ផ្សេងទៀត (​មាន​អក្សរ​ចិន,​ ជ​ប៉ុ​ន កូរ៉េ បារាំង​ ជាដើម) បាន​ ហើយ​តូច​ជាង​។

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ​បន្តថា ករណី​ស្លាក​សញ្ញា ស្លាក់​យីហោ​ដែល​សរសេរ​អក្សរ​ចិន​ធំៗ ពីលើ​អក្សរ​ខ្មែរ​នៅក្នុង​ទឹកដី​ខ្មែរ​នេះ​ មន្ទីរ​បាន​បញ្ជូន​មន្ត្រី​ទៅពិនិត្យ និង​ណែនាំ​​ឲ្យ​អ្នក​ម្ចាស់​ដកហូត​ឬ​លុបចោល​ ប៉ុន្តែ​អាជីវករ​ឬ​ម្ចាស់​ទាំងនោះ មិន​សហការ និង​មិន​ដកហូត​ស្លាក​ទាំង​នោះឡើយ​។ ក្នុងនោះ ម្ចាស់​ហាង​ខ្លះ បាន​ឌឺដង ព្រហើន​ដាក់​មន្ត្រី​សមត្ថកិច្ច និង​អាជ្ញាធរ​ថែមទៀត ដោយ​លើកឡើងថា ការសរសេរ​អក្សរ​បរទេស ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទស្សនា​ច្រើនឡើងៗ​។​

​សូមបញ្ជាក់ថា ជនជាតិ​ចិន​ក្នុង​អាយុ​ពី​២០​ទៅ​៥០​ឆ្នាំ បានមក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត នាបច្ចុប្បន្ន ​មាន​ពី ៣​ពាន់​ ទៅ ៥​ពាន់​នាក់៕


ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ