ធ្វើដំណើរ​ពី​ប្រាសាទ​កោះកេរ្តិ៍ ទៅ​អង្គរវត្ត នឹង​កាន់តែ​ងាយស្រួល​តាមរយៈ​ផ្លូវ​ថ្មី១

  • 2018-05-15 13:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ឡើង​ភ្នំ​គូលែន​ថ្មី​នៅ​ផ្នែក​ខាងកើត ដែល​កំពុង​ត្រូវបាន​ស្ថាបនា នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋដែល​រស់នៅលើខ្នងភ្នំនេះ និង​ទាក់ទាញ​ទេសចរ។ ជាពិសេស​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ប្រាសាទ​កោះកេរ្តិ៍ និង​បេងមាលា គឺ​អាច​បន្ត​ភ្ជាប់​ទៅ​ទស្សនា​ភ្នំ​គូ​លែន​ ហើយ​ឆ្ពោះ​ទៅ​ប្រាសាទ​អង្គរវត្ត និង​ក្រុង​សៀមរាប​បាន​កាន់តែ​ងាយស្រួល​ តាមរយៈ​ការ​ធ្វើ​ដំណើរ​ឡើង​ពីផ្នែកខាង​កើត​ភ្នំ​នេះ ចុះ​ទៅវិញ​នៅផ្នែក​ខាងលិច។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ិក ប៊ុនសិន អភិបាល​ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៨។

ផ្លូវ​ថ្មី​សម្រាប់​ឡើង​ភ្នំ​គូលែន/ រូបភាព៖ ដើម​អម្ពិល
លោក​អះអាង​ថា ផ្លូវ​ឡើង​ភ្នំ​គូលែន​ថ្មី​នៅ​ផ្នែក​ខាងកើត​នេះ គឺ​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​អាច ឡើងចុះ​បាន​គ្រប់​ម៉ោង​ព្រោះ​ការ​ស្ថាបនា​ផ្លូវនេះ​ជា​២​គន្លង (១គន្លង​ឡើង ១គន្លង​ចុះ) ឬ​អាច​ឡើង​ពីកើត​ចុះ​ទៅ​លិច ឡើង​ពី​លិច​ចុះ​ទៅ​ខាង​កើត​វិញ​ក៏​បាន។

លោក​អភិបាល​បន្ត​ថា បច្ចុប្បន្ន​ផ្លូវ​ឡើង​ភ្នំ​គូលែន​ផ្នែក​ខាងកើត ត្រូវ​បាន​ស្ថាបនា​ជិត​រួចរាល់​ហើយ ដែលអាច​ឱ្យ​ធ្វើ​ដំណើរ​ឡើង​ចុះ​បាន​បណ្តោះ​អាសន្ន ប៉ុន្តែ​ពេល​មាន​ភ្លៀង គឺ​មិន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ទេ​ព្រោះ​ផ្លូវ​រអិល ទាល់តែ​ស្ថាបនា​ចាក់​បេតុង​រួចរាល់​ទើប​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​បាន​គ្រប់ពេល។

សូម​បញ្ជាក់​ថា ផ្លូវឡើង​ភ្នំ​គូលែន​ថ្មី​ផ្នែក​ខាងកើត​នេះ មាន​ប្រវែង​ជាង ៣០​គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ ៦​ម៉ែត្រ ចេញពី​ចំណុច​ផ្លូវ​កែង​ទីប្រជុំជន ស្រុក​ស្វាយលើ។ ផ្លូវ​នេះ​ត្រូវបាន​កសាង​ឡើង​ដោយ​ចំណាយ​ថវិកា​ជាតិ និង​អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន ទ្រី ភាព។

ផ្លូវ​ថ្មី​សម្រាប់​ឡើង​ភ្នំ​គូលែន/ រូបភាព៖ ដើម​អម្ពិល

អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន ទ្រី ភាព បាន​ប្រាប់​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​២០​មេសា​ ឆ្នាំ​២០១៨​ថា ការ​កសាង​ផ្លូវ​ថ្មី​នេះ ​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧​មក​ម៉្លេះ ហើយ​វា​នឹង​ត្រូវ​ចំណាយ​ពេល ៣​ឆ្នាំ​ទម្រាំ​កសាង​រួច​រាល់ ដោយ​ចំណាយ​ថវិកា ២២លាន​ដុល្លារ។

សព្វ​ថ្ងៃ ផ្លូវ​ឡើង​ភ្នំ​គូលែន មាន​ប្រវែង ១២​គីឡូ​ម៉ែត្រ និង​ទទឹង ៦​ម៉ែត្រ។ នៅ​លើ​ភ្នំ​គូលែន មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង ៥០០​គ្រួសារ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;