មេបក្ស​កំពុង​ជាប់ឃុំ​ម្នាក់ ស្នើសុំ​ការ​លើកលែង​ទោស​ពី​សម្តេច ហ៊ុន សែន

  • 2018-05-16 01:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ស្នើសុំ​សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ឲ្យ​លើកលែង​ទោស ដើម្បី​មាន​សេរីភាព​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ ក្រោយពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាច្រើន​ខែ​មក។

យោងតាម​លិខិត​មួយច្បាប់​របស់​លោក សួន សេរីរដ្ឋា បាន​ផ្ញើជូន​សម្ដេច ហ៊ុន សែន កាលពីថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ និង​ចេញផ្សាយ​ជាផ្លូវការ​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨ ឱ្យដឹងថា លោក សួន សេរីរដ្ឋា បាន​សម្ដែង​ការ​សោកស្ដាយ ដែលបាន​សរសេរ​នូវសារ​នយោបាយ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ពេល​កន្លងមក ដោយ​មិនបាន​ពិចារណា​ឲ្យបាន​ដិតដល់​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​កិត្តិយស​សម្ដេច​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ និង​នាយ​ឧត្ដមសេនីយ៍ ព្រមទាំង​ឧត្ដមសេនីយ៍ ជា​អគ្គបញ្ជាការ​កងទ័ព​ទាំងអស់។

លោក សួន សេរីរដ្ឋា ក្នុងអំឡុងពេលត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅតុលាការ កាលពីពេលកន្លងមក។ រូបថត៖ ផ្តល់ឱ្យ
លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «**ខ្ញុំបាទ​សូម​សន្យា​ថា ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំបាទ​មិន​សរសេរ មិន​និយាយ​អ្វី​ដោយ​គ្មាន​ការ​ពិចារណា​បែបនេះ​ឡើយ។ ខ្ញុំបាន​គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា ព្រមទាំង​ចូលរួម​ការពារ​សន្តិភាព ដែល​សម្ដេច​ខិតខំ​កសាង​បាន​យ៉ាង​លំបាក​មួយនេះ​ឲ្យ​គង់វង្ស​ជានិច្ច​និរន្ត ដើម្បី​អភិវឌ្ឍ​ប្រទេស**»។

លោក​បន្ថែម​ថា៖ «សូម​សម្ដេច​តេជោ នាយ​ឧត្ដមសេនីយ៍​ផុតលេខ​មេត្តា​ជួយ​អន្តរាគមន៍ ស្នើ​លើកលែងទោស​ឲ្យខ្ញុំ​បាទ​បាន​រួចផុត​ពីទោស មាន​សេរីភាព ដើម្បី​វិល​ទៅជួប​គ្រួសារ ថែរក្សា​ម្ដាយ​ចាស់​ជរា ថែរក្សា​កូន​តូចៗ ធ្វើជា​កូនល្អ ជា​ឪពុក​ល្អ និងជា​ស្វាមី​ល្អ ព្រមទាំង​ជា​ពលរដ្ឋ​ល្អ ដោយក្ដី​អនុគ្រោះ»។

សូម​រំលឹក​ថា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅម្តុំ​ព្រែក​ព្នៅ កាលពី​រសៀល​ថ្ងៃទី១៣ ខែ​សីហា ឆ្នាំ​២០១៧ ក្រោយ​បង្ហោះ​សារក្នុង​ហ្វេសប៊ុក​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​កងទ័ព។ បន្ទាប់មក​នៅថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៧ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក សួន សេរីរដ្ឋា ដាក់​ពន្ធនាគារ ៥ឆ្នាំ និង​ពិន័យ​ជាប្រាក់​ចំនួន ១០លាន​រៀល ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុជា ។

ក្នុងសារ​របស់ លោក សួន សេរីរដ្ឋា បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៧ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា៖ «ពេល​សង្គ្រាម​កើតឡើង​ជាមួយ​ប្រទេស​លាវ​នោះ​លទ្ធផល វាហ្នឹង​មិនខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយ​ប្រទេស​សៀមទេ ! គឺកូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់ក្នុង​សមរភូមិ​យ៉ាង​វេទនា… ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យសក្តិ ប្រមូល​បាន​លុយ​កាក់​សប្បាយ​ជាមួយ​ស្រីញី យ៉ាង​គគ្រឹក​គគ្រេង!។ ពីព្រោះ​កន្លងមក​ដូចយើង​ដឹងហើយ សង្គ្រាម​ដែល​កើតឡើង​ជាមួយ​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូនខ្មែរ​អ្នក​ស្នេហា​ជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ។ ចំណែក​ឯ​ពួកមេៗ ពាក់ផ្កាយ និង​កូន​លោក​ធំៗ ដែល​នៅជួរ​ក្រោយ​ចេញ​មុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីន​ត្រជាក់​ជាមួយ​ស្រី​កំដរ ក៏ឡើង​បុណ្យ​ឡើង​ផ្កាយដែរ»៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;