រកឃើញ​គ្រាប់មីន​ និង​សំណល់​ជាតិផ្ទុះ​ពីសង្គ្រាម​ជិត​ ៤លាន​គ្រាប់​នៅ​កម្ពុជា

  • 2018-05-16 02:18:19
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្នុង​រយៈពេល ២៥ឆ្នាំ គិតពី​ឆ្នាំ១៩៩២ ដល់​ឆ្នាំ​២០១៧​នេះ គ្រាប់មីន​ចំនួន​ប្រមាណ ១,២៥ លាន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ប្រមាណ ២,៧លាន​គ្រាប់ ត្រូវបាន​រកឃើញ និង​បំផ្លាញ​ចោល នៅ​កម្ពុជា។ អាជ្ញាធរ​មីន ក៏បាន​ប៉ាន់​ប្រមាណ​ថា ផ្ទៃដី​ប្រហែល ២ពាន់​គីឡូម៉ែត្រ​ការ៉េ នៅមាន​គ្រាប់មីន និង​សំណល់​ជាតិផ្ទុះ​ពី​សង្រ្គាម​នៅឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី លី ធុច អនុ​ប្រធាន​ទី១ នៃ​អាជ្ញាធរ​មីន​កម្ពុជា។

អាជ្ញាធរ​មីន បាន​ឱ្យ​ដឹង​ថា គ្រាប់មីន និង​សំណល់​ជាតិផ្ទុះ​ពី​សង្រ្គាម​នៅ​កម្ពុជា បាន​សម្លាប់ និង​បង្ក​របួស​ប្រមាណ​ជាង ៦ម៉ឺន​នាក់ គិតចាប់​ពីឆ្នាំ​១៩៧៩ ដល់ឆ្នាំ២០១៧។

រូបសញ្ញាព្រមាន១នៅតំបន់​ដែលមានគ្រាប់មីន

ជាមួយគ្នា​នោះ តាម​រយៈ​ការ​រួម​ចំណែក​ជា​លក្ខណៈ​មនុស្សធម៌​ពី​សហគមន៍​អន្តរជាតិ និងការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា រយៈពេល ២៥​ឆ្នាំ គិតពីឆ្នាំ​១៩៩២ កន្លងមក​នេះ កម្ពុជា​បាន​រំដោះ​ផ្ទៃ ១៧០០​គីឡូម៉ែត្រ​ការ៉េ។

សូម​ជម្រាប​ថា អាជ្ញាធរ​មីន នឹង​រៀបចំ​សន្និបាត​ជាតិ​និយាយ​ពី​វិស័យ​សកម្មភាព​មីន រយៈពេល ២​ថ្ងៃ នៅថ្ងៃ​ទី១៦ និងថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨។ សន្និបាត ដែល​នឹង​ធ្វើឡើង​នៅ​វិមាន​សន្តិភាពនេះ ក្នុងគោល​បំណង​បង្ហាញ​ពី​សមិទ្ធផល​រយៈពេល ២៥​ឆ្នាំ នៃ​វិស័យ​សកម្មភាព​មីន និង​សែ្វងរក ឱកាស​មធ្យោបាយ​នានា ដើម្បី​កៀងគរ​ធនធាន​ថវិកា សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា។ ក្រៅពី​ការ​រៀបចំ​សន្និបាត អាជ្ញាធរ​មីន​ក៏​នឹង​តាំង​ពិព័រណ៍​បង្ហាញ​ពី​ស្នាដៃ និង​សមត្ថភាព​ក្នុងការ​ដោះស្រាយ​ការ​គំរាម​កំហែង​ពី​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពីសង្រ្គាម នៅកម្ពុជាផងដែរ៕


អត្ថបទ៖ លីហៀង