តើ​អាមេរិក-កូរ៉េខាងត្បូង កំពុង​ធ្វើ​សម​យុទ្ធ​អ្វី បាន​កូរ៉េខាងជើង​លុប​ចោល​ជំនួប​ចរចានៅ​ព្រឹក​នេះ?

  • 2018-05-16 02:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​នេះ បាន​សម្រេច​លុប​ចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​មួយ​ជាមួយ​កូរ៉េខាងត្បូង ដោយសារ​ការ​បន្ដ​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​រួម​គ្នា​រវាង​កងទ័ព​អាកាស​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង នៅ​ឧបទ្វីប​កូរ៉េ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង KCNA នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨​នេះ។

ជាង​នេះ​ទៅ​ទៀត កូរ៉េខាងជើង​ក៏​បាន​គំរាម​លុប​ចោល​គម្រោង​ចរចា​គ្នា​រវាង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ២០១៨ ខាង​មុខ​ផង​ដែរ ដោយសារ​តែ​ការ​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ "Max Thunder 2018" របស់​អាមេរិក និង​កូរ៉េខាងត្បូង។

តើ​សម​យុទ្ធ "Max Thunder 2018” មាន​ទ្រង់ទ្រាយ​បែប​ណា បាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅ​ស្លឹក​ត្រចៀក?

សម​យុទ្ធ "Max Thunder 2018” ជា​លំហាត់​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត មិន​ធ្លាប់​មាន​ពី​មុន​មក រវាង​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​មាន​រយៈពេល ២​សប្ដាហ៍ ហើយ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន។ សម​យុទ្ធ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង ១០០​គ្រឿង ដែល​ក្នុង​នោះ រួម​មាន យន្តហោះ​ចម្បាំងដែល​អាច​គេចចេញ​ពី​ប្រព័ន្ធរ៉ាដា F-22 ចំនួន ៨​គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 មួយ​ចំនួន​ទៀត​របស់​អាមេរិក និង​យន្តហោះ​ចម្បាំង F-15k របស់​កូរ៉េខាងត្បូង។

យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាមេរិក​នៅ​លើ​កោះ Guam

សូម​បញ្ជាក់​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាមេរិក ដែល​គ្រោង​ប្រើ​ដើម្បី​ធ្វើ​សម​យុទ្ធ​នេះ គឺ​យក​មក​ពី​មូលដ្ឋាន​កងទ័ព​អាមេរិក នៅ​កោះ Guam៕

យន្តហោះចម្បាំង F-22
យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាមេរិក​នៅ​លើ​កោះ Guam
យន្តហោះ​ចម្បាំង F-15k របស់​កូរ៉េខាងត្បូង

អត្ថបទទាក់ទង កូរ៉េខាងជើង លុបចោល​ជំនួប​ចរចា​កម្រិត​ខ្ពស់​ជាមួយ​កូរ៉េខាងត្បូង

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;