សម្តេច ហ៊ុន សែន ប្រៀបធៀប​​​ចំនួន​អ្នក​​បោះឆ្នោត​នៅ​​កម្ពុជា នឹង​​អឺរ៉ុប-អាមេរិក

  • 2018-05-16 03:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន ​បាន​បង្ហាញ​ពី​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​កម្ពុជា ដោយ​ប្រៀបធៀប​ជាមួយ​នឹង​ចំនួន​អ្នក​បោះឆ្នោត​នៅ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ នាព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ២០១៨​នេះ។

សម្តេច​ ហ៊ុន សែន បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «បើ​យើង​ប្រៀបធៀប​ភាគរយ​នៃការ​ចូលរួម​បោះឆ្នោត​ពី​សំណាក់​ប្រជា​ពលរដ្ឋ​រវាង​ប្រទេស​កម្ពុជា និង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក គឺ​អឺរ៉ុប​មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ក្នុង​រង្វង់ ៣០% ក៏អាច​ទទួល​យក​បាន រីឯ​សហរដ្ឋអាមេរិក​គឺមាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​តែក្នុង​រង្វង់ ៤០% ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​កម្ពុជា គឺមាន​ពលរដ្ឋ​ជាង ៦៩% ទៅ​បោះឆ្នោត»។

សម្តេច ហ៊ុន សែន ចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅមណ្ឌលបោះឆ្នោត​១កន្លែង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
សូម​រម្លឹក​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត កាលពី​ឆ្នាំ​២០១៣ គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦,៦លាននាក់ (៦៨,៥%) បាន​ទៅ​ចូលរួម​បោះឆ្នោត ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​បោះឆ្នោត​សរុប​ ៩,៦៧លាន​នាក់។ ពេលនោះ​មាន​គណបក្ស​២តែ​ប៉ុណ្ណោះ ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ (បច្ចុប្បន្ន​ត្រូវបាន​រំលាយ​ហើយ) ទទួល​បាន ៥៥​អាសនៈ។

សម្តេច​នាយក​រដ្ឋមន្រ្តី បាន​អះអាង​ថា ចំនួន​នេះ គឺបាន​បង្ហាញ​យ៉ាងច្បាស់​អំពី​ការ​រីក​ចម្រើន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សម្តេច​បន្ត​ថា៖ «គ្មាន​មេដឹកនាំ​ណាមួយ​ណែនាំ​ពលរដ្ឋ​ខ្លួន​មិនឱ្យ​ទៅ​បោះឆ្នោត​ទេ មានតែ​ជន​អគតិ​ដែលមាន​បំណង​បំផ្លិចបំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ទើប​ពួកគេ​អាច​ធ្វើ​ដូច្នេះ»។

ការ​លើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ គឺ​ក្នុង​ខណៈ​ពេល​ដែល​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ កំពុង​តែ​អំពាវនាវ​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​នាខែ​កក្កដា ឆ្នាំ​២០១៨ខាងមុខ​នេះទេ ដោយសារតែ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួត​ប្រជែង៕

ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅមណ្ឌលបោះឆ្នោត១កន្លែង ក្នុងរាជធានីភ្នំពេញ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;