កូរ៉េខាងត្បូង ប្រតិកម្ម​នឹង​កូរ៉េខាងជើង ជុំវិញ​ការ​លុប​ចោល​ជំនួប​ចរចា​នៅ​ថ្ងៃ​នេះ

  • 2018-05-16 07:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រុង​សេអ៊ូល នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨ បាន​ប្រកាស​ថា ការ​លុប​ចោល​ជំនួប​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ កាលពី​ព្រឹក​មិញ គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ និង​មិន​ស្រប​តាម​សេចក្ដី​ប្រកាស​ជា​ប្រវត្តិសាស្ត្រ ដែល​មេដឹកនាំ គីម ជុងអ៊ុន និង មូន ចេអ៊ីន បាន​ចុះ​ហត្ថលេខា កាលពីចុង​ខែ​​មេសា ២០១៨ កន្លង​ទៅ។

ជា​មួយ​គ្នា​នេះ កូរ៉េខាងត្បូង​ក៏​បាន​ជំរុញ​ឲ្យ​ភាគី​កូរ៉េខាងជើង វិល​ត្រឡប់​មក​រក​ការ​ចរចា​វិញ​ផង​ដែរ។ កូរ៉េខាងត្បូង​បញ្ជាក់​ថា សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​មួយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៦ ឧសភា​នេះ ដើម្បី​ផ្ញើ​ទៅ​ភាគី​កូរ៉េខាងជើង។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បាន​ទូរសព្ទ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក Mike Pompeo ដើម្បី​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា ភ្លាមៗ​ក្រោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​សម្រេច​លុប​ចោល​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ជាមួយ​កូរ៉េខាងត្បូង និង​គំរាម​លុប​ចោល​គម្រោង​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។

ក្នុង​ជំនួប​តាម​ទូរសព្ទ​នោះ ប្រមុខ​ការទូត​កូរ៉េខាងត្បូង បាន​ប្រាប់​ប្រមុខ​ការទូត​អាមេរិក​ថា ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល គឺ​រក្សា​ការ​ដោះស្រាយ ដោយ​អនុវត្ត​ទាំង​ស្រុង​តាម​សេចក្តី​ប្រកាស Panmunjom ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២៧ ខែ​មេសា ២០១៨ កន្លង​ទៅ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;