ប៉ូលិស ចុះឆែកឆេរ​​ផ្ទះ​របស់​អតីត​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទាំងយប់​

  • 2018-05-16 23:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ម៉ាឡេស៊ី បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​នៅ​លំនៅឋាន​ចំនួន ២​កន្លែង​របស់​លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បន្ទាប់ពី​លោក Mahathir Mohamad នាយករដ្ឋមន្ត្រី​ដែល​ទើប​ឡើង​កាន់​តំណែង បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឡើងវិញ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ដែល​ត្រូវ​សង្ស័យ​ថា​មាន​ទាក់ទង​នឹង​លោក Najib។

ប៉ូលិសនៅមុខផ្ទះរបស់លោក Najib កាលពីយប់ថ្ងៃពុធ ទី១៦ឧសភា (រូបថត៖ Rueters)

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យដឹង​ថា ប៉ូលិស​បាន​បង្ហាញ​វត្តមាន​នៅ​មុខ​ផ្ទះ​របស់​លោក Najib នៅតំបន់ Taman Duta កាលពី​យប់មិញ បន្ទាប់ពី​លោក​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​មាន​ពាក់ព័ន្ធ​នឹង​លុយ​មូលនិធិ 1MDB ដែល​មាន​ចំនួន​ប្រមាណ ៧០០​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​លោក Jajib បាន​ច្រានចោល​នូវ​ការ​ចោទ​ប្រកាន់​នេះ។

ប៉ូលិស​បាន​លើក​ប្រអប់​មួយ​ចំនួន​ចេញពី​ផ្ទះ​របស់​លោក Najib។ វត្តមាន​របស់​ប៉ូលិស​នៅ​ផ្ទះ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នេះ ត្រូវ​បាន​ប៉ូលិស​អះអាង​ថា គឺ​គ្រាន់តែ​ចុះ​ឆែកឆេរ​ប៉ុណ្ណោះ​ក្នុង​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត​ ហើយ​មិន​មាន​ការ​បញ្ជាក់​លម្អិត​នោះ​ទេ។

លោក Najib និង ភរិយា ត្រូវហាមឃាត់មិនឲ្យចេញពីម៉ាឡេស៊ី (រូបថត៖ Aljarzeera)

សូម​បញ្ជាក់​ថា ការ​ចុះ​ឆែកឆេរ​នៅ​ផ្ទះ​របស់​លោក Najib នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ព្យាយាម​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​កន្លង​ទៅ។ ប៉ុន្តែ​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​ដាក់​ឈ្មោះ​របស់​លោក Najib និង​ភរិយា ក្នុង​បញ្ជី​ខ្មៅ ដោយ​មិន​អនុញ្ញាត​ឲ្យពួកគាត់​ចេញ​ពី​ប្រទេស​ឡើយ៕


ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.