សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា ប្រកាស​​​ចូលរួម​​សង្កេតការណ៍​បោះឆ្នោត ខណៈ​អង្គការ​ធំ២​មិន​ចូលរួម

  • 2018-05-17 01:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា បាន​ប្រកាស​បញ្ជូន​សមាជិក​ប្រមាណ ២ពាន់​នាក់ ដើម្បី​ចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​ពីលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ​២០១៨។

សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​ខាងលើ​នេះ បាន​ធ្វើ​ឡើង ខណៈ​ដែល​អង្គការ​ខុម​ហ្វ្រែល និង​អង្គការ​និ​ច​ហ្វ្រិ​ក បាន​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ខាងមុខ​នេះឡើយ​។ មូលហេតុ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ទាំងពីរ​នេះ អះអាង​ថា មិនមាន​អតីត​គណបក្ស​ប្រឆាំង ចូលរួម​ក្នុងការ​បោះឆ្នោត​ខាងមុខ​នេះឡើយ។

ប្រជាពលរដ្ឋចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅមណ្ឌល១កន្លែង ក្នុងរាជធានីភ្នំពេញ
​គួរ​បញ្ជាក់ថា សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា មាន ៩៦​គ្រឹះស្ថាន ដោយ​មាន​ទីតាំង​គោល និង​សាខា​នៅ​គ្រប់ ២៥ រាជធានី-ខេត្ត។

​លោក ឌឹ​ម សុ​វណ្ណា​រុំ បន្ថែម​ថា ក្នុងការ​ចូលរួម​សង្កេតការណ៍​លើ​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត ហេង វណ្ណដា គ្រោង​នឹង​ចំណាយ​ថវិកា​ជិត ២០ម៉ឺន​ដុល្លារ ដែល​សមាជិក​សមាគម​ចូលរួម​ដោយ​ស្ម័គ្រចិត្ត។

លោក ហេង វ៉ាន់ដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា បានថ្លែង​ប្រាប់​ខ្លីៗ កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​ឧសភា​ថា ការ​ដាក់​សមាជិក​ប្រមាណ ២ពាន់​នាក់ ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​នាពេល​ខាងមុខនេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ជួយ​សង្គម មាន​ន័យថា ចូលរួម​ជាមួយ គ.ជ.ប ដើម្បី​ធ្វើយ៉ាង​ណា ឱ្យការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ដោយ​រលូន យុត្តិធម៌ ត្រឹមត្រូវ សន្តិភាព និង​សុខមាលភាព​ជូន​ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​អាច​ទទួល​យកបាន​ផងដែរ។

អគារ​សមាគមគ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា (រូបថត៖ FB សមាគមគ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា)

ប្រធាន​សមាគម​រូបនេះ បាន​បញ្ជាក់​ថា អ្នក​សង្កេតការណ៍​ប្រមាណ​ជាង ២ពាន់​នាក់ នឹង​ត្រូវដាក់​នៅទាំង​២៥​រាជធានី-ខេត្ត។

ចំណែក​លោក ភឹម មុនី​សេដ្ឋា អគ្គលេខាធិការ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​បញ្ជាក់​យ៉ាងខ្លី​ថា ការ​ចូលរួម​ដាក់​អ្នក​សង្កេតការណ៍ ចូលរួម​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជា​សុ​ឆន្ទៈ​របស់​សមាគម ក្នុង​បុព្វហេតុ​ស្នេហា​ជាតិ។

​សូម​រម្លឹកថា កាលពី​ពេល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បានដាក់​ពង្រាយ​អ្នកសង្កេតការណ៍ ដែលជា​សមាជិក​សមាគម​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;