ដូណាល់ ត្រាំ៖ អាមេរិក​មិន​បាន​ទទួល​ការ​គំរាម​លុប​ចោល​ជំនួប​កំពូល​នោះ​ទេ

  • 2018-05-17 01:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​មិន​បាន​ទទួល​ការ​គំរាម​ពី​ប្រទេស​កូរ៉េខាងជើង ដើម្បី​លុប​ចោល​គម្រោង​ជំនួប​កំពូល​ជាមួយ​លោក គីម ជុងអ៊ុន នៅ​ខែ​មិថុនា ខាង​មុខ​នោះ​ទេ។

លោក ត្រាំ ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតីអ៊ូបេគីស្ថាន នៅ​សេតវិមាន កាលពី​ម្សិលមិញ
ការ​បញ្ជាក់​របស់​លោក ត្រាំ គឺ​ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង កាលពី​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ឧសភា ២០១៨ ម្សិលមិញ បាន​សម្រេច​លុបចោល​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ជាមួយ​កូរ៉េខាងត្បូង និង​គំរាម​លុប​ចោល​ជំនួប​កំពូល​រវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ២០១៨ ខាង​មុខ។

ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ូបេគីស្ថាន នៅ​សេតវិមាន កាលពី​ម្សិលមិញ លោក ត្រាំ ថា "យើង​មិន​បាន​ទទួល​អ្វី​ទាំង​អស់​ពី​ការ​គំរាម"។ លោក​បន្ថែម​ទៀត​ថា "យើង​មិន​បាន​ឃើញ និង​មិន​បាន​លឺ​អ្វី​នោះ​ទេ។ យើង​រង់ចាំ​មើល​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង"។

សូម​បញ្ជាក់​ថា ការ​ព្រមាន​លុប​ចោល​ជំនួប​កំពូល​រវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង ក្រោម​មូលហេតុ​សម​យុទ្ធ​ដែន​អាកាស​រួម​គ្នា “Max Thunder 2018” របស់​កងទ័ព​អាកាស​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ដែល​បាន​ធ្វើ​ឡើង​ចាប់តាំង​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;