OnePlus 6 បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ អាច​ថត 4K កម្រិត 60fps បាន

  • 2018-05-17 01:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្រោយ​ការ​ទន្ទឹង​រង់ចាំ​អស់​មួយ​រយៈពេល​មក វត្តមាន OnePlus 6 បាន​លេច​ចេញ​ជា​រូបរាង​ហើយ កាល​ពី​យប់​មិញ​នេះ។ តម្លៃ OnePlus 6 ចែក​ចេញ​ជា ៣​ជម្រើស ដូចជា ៥២៩​ដុល្លារ សម្រាប់ RAM 6GB+64GB, ៥៧៩​ដុល្លារ សម្រាប់ RAM 8GB+128GB និង ៦២៨​ដុល្លារ សម្រាប់ RAM 8GB+256GB។

OnePlus 6 មាន​អេក្រង់ ៦,២៨​អ៊ីញ ប្រភេទ Optic AMOLED មាន​សមាមាត្រ 19:9 លាត​សន្ធឹង​បាន​ពេញ​អេក្រង់​ល្អ តែ​ទាស់​ត្រង់​មាន​ឆក​មួយ​ដុំ​នៅ​ចំ​កណ្ដាល​ផ្នែក​ខាង​លើ​សម្រាប់​បំពាក់​កាមេរ៉ា​ស្វែលហ្វី។ កម្រិត Resolution គឺ 1080 x 2280p មាន​ដង់ស៊ីតេ 402ppi។

កាមេរ៉ា​ក្រោយ​នៅ​រក្សា​ចំនួន​២​គ្រាប់​ដដែល​គឺ​ទំហំ 16MP f/1.7 + 20MP f/1.7 អាច​ថត​វីដេអូ 4K ក្នុង​កម្រិត​ល្បឿន 60fps និង 720p ល្បឿន 480fps ជា​លក្ខណៈ slow-mo ក្នុង​រយៈពេល ៣,៧៥​វិនាទី។ ចំណែក​ឯ​កាមេរ៉ា​មុខ​វិញ​ទំហំ 16MP f/2.0 អាច​ថត​កម្រិត 1080p និង​មាន​បំពាក់​បច្ចេកវិទ្យា AI ទុក​សម្រាប់​បង្កើត​រូបភាព Portrait mode បែប bokeh។ បន្ថែម​ពី​នេះ OnePlus 6 ក៏​អាច​ប្រើ​កាមេរ៉ា​មុខ​ដើម្បី​ដោះ​សោ​ទូរសព្ទ​បាន​ក្នុង​រយៈពេល​លឿន​ត្រឹម ០,៤​វិនាទី។

លក្ខណៈ​ពិសេស​មួយ​ទៀត​ដែល OnePlus 6 ខុស​ប្លែក​ពី​ជំនាន់​មុនៗ​គឺ​​ការ​បំពាក់​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​ដូច​គេ​ដូច​ឯង។ យ៉ាង​ណា​មិញ កម្រិត IP ការពារ​ទឹក​របស់​វា​មិន​ទាន់​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ។

កម្លាំង​ម៉ាស៊ីន OnePlus 6 ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 845, RAM 6GB និង 8GB រួម​ទាំង​អង្គ​ផ្ទុក​ទិន្នន័យ​​ចាប់​ពី​ទំហំ 64GB ដល់ 256GB ប្រភេទ UFS 2.1។ ទំហំ​ថ្ម​គឺ 3300mAh អាច​សាក​បាន​រហ័ស​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា Dash Charge តែ​គ្មាន Wireless Charging នោះ​ទេ (សាក​ថ្ម​ឥត​ប្រើ​ខ្សែ)៕


ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.