Duterte៖ ស៊ី​ ជីងពីង មិន​បណ្តោយ​ឲ្យ​ហ្វីលីពីន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ក្រុម​សុនខនោះ​ទេ

  • 2018-05-17 06:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក​Rodrigo Duterte បាន​និយាយ​ថា​ប្រធានាធិបតី​ចិន​ លោក​ស៊ី ជីនភីង​ ធ្លាប់​បាន​ផ្ដល់​នូវ​ការធានា​​ផ្ទាល់​ខ្លួន​សម្រាប់​លោក ដោយ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នឹង​មិន​បណ្ដោយ​ឲ្យ​លោក​ធ្លាក់​ចេញ​ពី​តំណែង​ជា​ដាច់​ខាត។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​ក្នុង​សន្ទរកថា​មួយ ​កាល​ពី​ថ្ងៃ​ទី១៥ ឧសភា ​ឆ្នាំ​២០១៨។

លោក Duterte ចាប់​ដៃ​ជាមួយ លោក ស៊ី ជិនភិង នៅកិច្ចប្រជុំ​នា​ពេល​កន្លង​មក។ រូបភាព៖​ Reuters
លោក​ Duterte បាន​បញ្ជាក់​ដូច្នេះ​ថា៖ "ការ​ធានា​របស់​លោក​ស៊ី គឺ​ពិតជា​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​មួយ​សម្រាប់​ខ្ញុំ។ ដោយ​គាត់[ប្រធានាធិបតី​ចិន]​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ចិន​នឹង​មិន​បណ្ដោយ​ឲ្យ​ខ្ញុំ​ត្រូវ​គេ​ទម្លាក់​ចេញ​ពី​តំណែង និង​មិន​បណ្ដោយ​ឲ្យ​ប្រទេស​ហ្វីលីពីន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​ក្រុម​សុនខ​ជាដាច់ខាត​។"

យ៉ាង​ណា​ក្ដី បុរស​កណ្ដាប់​ដៃ​ដែក​ហ្វីលីពីន​រូប​នេះ មិន​បាន​បញ្ជាក់​ទេ​ថា នៅ​ពេលណា​ដែល​លោក​ស៊ី​ជីនភីង​ បាន​និយាយ​សម្ដី​ទាំង​អស់​នេះ​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១០​ មេសា​ ឆ្នាំ២០១៨ មេ​ដឹក​នាំ​ទាំង​២ បាន​ជួប​គ្នា​នៅ​ក្រៅ​វេទិកា Boao ប្រចាំ​ទ្វីប​អាស៊ី នៅ​ក្នុង​ខែត្រ​ហៃណាន ប្រទេស​ចិន។

រូបភាព៖ Reuters

គួរ​បញ្ជាក់​ថា ​មិន​ដល់​២​ខែ​ទៀត​ទេ លោក​ Duterte នឹង​កាន់​តំណែង​អស់​រយៈ​ពេល​ ២​ ឆ្នាំ​​នៃ​អាណត្តិ​ប្រធានាធិបតី ​៦ ​ឆ្នាំ​របស់​លោក ខណៈ​ដែល​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ហ្វីលីពីន ហាមឃាត់​ប្រធានាធិបតី​មិន​ឲ្យ​កាន់​តំណែង​លើស​ពី​ ១ ​អាណត្តិ​នោះ​ឡើយ៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;