សិប្បកម្មផលិតទឹកត្រី និងទឹកស៊ីអ៊ីវ១ប្រភេទ ត្រូវនគរបាលសម្រេចបិទជាបណ្ដោះអាសន្ន
- 2018-05-17 06:32:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 125
សិប្បកម្មផលិតទឹកត្រី និងទឹកស៊ីអ៊ីវ១ប្រភេទ ត្រូវនគរបាលសម្រេចបិទជាបណ្ដោះអាសន្ន
ចន្លោះមិនឃើញ
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ បានឆ្មក់ឆែកឆេរសិប្បកម្មផលិត និងវេចខ្ចប់ទឹកត្រី-ទឹកស៊ីអ៊ីវ សញ្ញាផ្កាឈូកមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការឆ្មក់ឆែកឆេរនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានរកឃើញថា ការផលិតនិងវេចខ្ចប់ពុំមានលក្ខណៈស្តង់ដារត្រឹមត្រូវ ហើយកម្លាំងចម្រុះសម្រេចបិទសិប្បកម្មនេះជាបណ្ដោះអាសន្នតែម្ដង។
លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានថ្លែងប្រាប់ថា ក្រុមមន្ត្រីចម្រុះបានរកឃើញថា សិប្បកម្មនេះបានផលិតនូវទឹកត្រី និងទឹកស៊ីអ៊ីវគ្មានប្រភពច្បាស់លាស់ ហើយការដាក់ស្លាកយីហោសញ្ញាផ្កាឈូកក៏គ្មានច្បាប់អនុញ្ញាតផងដែរ។ យ៉ាងណាមិញ លោក ម៉ាត់ យូសុះ មិនបានបញ្ជាក់ថា សិប្បកម្មនេះបានផលិតតាំងពីពេលណានោះទេ ហើយប្រភពធាតុដើមក៏មិនដឹងយកមកពីណានោះដែរ។ បច្ចុប្បន្ន ម្ចាស់សិប្បកម្មត្រូវបានហៅទៅសួរនាំបន្ថែមនៅក្រសួងមហាផ្ទៃ៕
រូបភាព៖ ផ្ដល់ឲ្យ
អត្ថបទ៖ សោភា