ខ្មែរ៤នាក់ និង​ជាតិ​សាសន៍​ផ្សេង​ទៀត ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន នៅ​ថ្ងៃ​១៧​ឧសភា

  • 2018-05-17 08:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ច​ថៃ បាន​ធ្វើការ​ចុះ​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៣៦​នាក់ រួម​ទាំង​ជនជាតិ​ខ្មែរ ៤នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​ឧសភា​នេះ នៅ​ទីតាំង​ចំនួន ១០៤​កន្លែង ក្នុង​ប្រទេស​ថៃ ដែល​​ពួកគេ​បាន​ឆ្លងដែន​ចូល​ទៅ​កាន់​ប្រទេស​ថៃដោយ​ខុសច្បាប់​ ស្នាក់នៅ​​លើសពីសុ​ពលភាព​ទិដ្ឋាការជាដើម​។

សមត្ថកិច្ច​ថៃ ឃាត់ខ្លួនជនបរទេស ដែលឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់ ស្នាក់នៅលើសពីសុពលភាពទិដ្ឋាការ នាពេលកន្លងទៅ (រូបថត៖ Bangkok Post)
ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅ​ទីតាំង​មួយ​ចំនួន​នៅ​ក្រុង​បាងកក ព្រម​ទាំង​តំបន់​ទេសចរណ៍​នៅ​ខេត្ត ពូកេត ឈុនបូរី សុងក្លា និង​ឈៀងម៉ៃ។ ចំណែក​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន មាន​មួយ​ចំនួន​ជា​និស្សិត​បរទេស​។

ក្រៅពី​ជនជាតិ​ខ្មែរ ៤​នាក់ នៅ​មាន​ជនជាតិ អាល់ហ្សេរី​ម្នាក់ ឥណ្ឌា៦​នាក់ មីយ៉ាន់ម៉ា ៧​នាក់ និង​ឡាវ ៩​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្លងដែន​ខុសច្បាប់​។ រីឯ​ជនសង្ស័យ​៦នាក់ ដែល​មក​ពី ស្វីស រុស្ស៊ី សេណេហ្គាល់ ឥណ្ឌា វៀតណាម និង​កូឌីវ័រ ត្រូវ​ចោទ​ពី​បទ​ស្នាក់​នៅ​លើស​ពី​សុពលភាព​ទិដ្ឋាការ។ ចំណែក ៤​នាក់​ទៀត មាន មីយ៉ាន់ម៉ា ២​នាក់ ឥណ្ឌា​ម្នាក់ និង​ថៃ​ម្នាក់ ត្រូវ​ចោទ​ពី​ករណី​ផ្សេង​ៗ​ទៀត។

លោក​មេបញ្ជាការ Surachate បាន​ឲ្យដឹង​ថា ការ​ចុះ​ឃាត់ខ្លួន​នេះ ជា​ប្រតិបត្តិការ​ដំណាក់​កាល​ទី​១១ នៃ​ការ​បង្ក្រាប​ជនបរទេស​ខុសច្បាប់ (X-Ray Outlaw Foreigner) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម ដែល​បង្ក​ឡើង​ដោយ​ជនបរទេស​ឆ្លងដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។

សូម​ជម្រាប​ថា មក​ទល់​ពេល​នេះ ប្រតិបត្តិការ​ខាងលើ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​បាន ១១៦១​នាក់ ពី​ទីតាំង ៣៤៧៤​កន្លែង នៅ​ជុំវិញ​ប្រទេស​ថៃ​។ កាលពីដើម​ខែ​ឧសភានេះ ​ជនជាតិខ្មែរ​ ១០នាក់ ​ត្រូវឃាត់​ខ្លួន​ដោយសមត្ថកិច្ច​ថៃ ពី​បទ​ឆ្លងដែន​ខុសច្បាប់​ផងដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;