តួកគី គ្រោងនឹង​បើក​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា

  • 2018-05-17 08:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Ayda Unlu ឯក​អគ្គ​រដ្ឋទូត​តួកគី​ថ្មី​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា តួកគី ចង់ឱ្យ​មានការ​បើក​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៃប្រទេស​ទាំង២។ លោកស្រី​លើកឡើង​ដូច្នេះ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព។

លោកស្រី Ayda Unlu ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។ រូបថត៖ AKP
លោកស្រី​បាន​សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង២​ ឱ្យ​កាន់តែ​រឹងមាំ​ស៊ី​ជម្រៅ និងទូលំ​ទូលាយ​ថែម​ទៀត។ លោកស្រី បានមាន​ប្រសាសន៍​ថា វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង២ គឺ​នៅមាន​កម្រិត​នៅ​ឡើយ។

ជាការ​ឆ្លើយតប សម្តេច​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការបើក​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​ពី​តួកគី មកកាន់​កម្ពុជា នឹង​បង្កើន​នូវ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង២ លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ កាន់តែ​កើនឡើង ពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន នឹងមាន​ការ​កើនឡើង​ខ្លាំង​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;